ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា កំពុងពិសោធនវិធីសាស្ត្រ ថ្មីៗ ក្នុងការស្តារព្រៃឈើឡើងវិញ នៅតាមតំបន់ដែលមនុស្សពិបាកចូលទៅដល់ គឺសាកល្បងផលិតគ្រាប់ពូជឈើកែច្នៃ (Germinated Seeds) ដែលអាចបាចព្រួសពីលើអាកាសទៅក្នុងតំបន់ការពារណា ដែលមានដង់ស៊ីតេព្រៃឈើខ្សោយ។នេះបើយោងតាមប្រសាសន៍របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងពិធីពិព័រណ៍ «ពន្លកបៃតង»នៅថ្ងៃទី១០ ខែកក្កដានេះ។
យោងតាមលោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ដើម្បីជោគជ័យតាមផែនការរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បាននិងកំពុងដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ផ្តោតលើសសរស្តម្ភគន្លឹះចំនួនបី គឺ៖ ស្អាត បៃតង និងចីរភាព។ក្រសួងកំពុងជំរុញយ៉ាងសកម្ម តាមរយៈអភិក្រមគន្លឹះចំនួនបី គឺ៖ ការការពារ ការពង្រីក និង ការអភិវឌ្ឍ។
បើតាមលោក អ៊ាង សុផល្លែត ពិព័រណ៍ «ពន្លកបៃតង» ត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាវេទិកាជាតិក្នុងការចែកចាយកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។នៅពិធីពិព័រណ៍«ពន្លកបៃតង» ឆ្នាំ២០២៤ ក្រសួងបរិស្ថាន ចែកកូនឈើដោយឥតគិតថ្លៃចំនួន ១,៣ លានដើម។ ឆ្នាំ២០២៥ បានបន្តចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃចំនួន ៣,៤ លានដើម និង ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បន្តចែកជូនកូនឈើដោយឥតគិតថ្លៃចំនួន៥លានដើម។
លោក អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ការដាំដើមឈើ គឺជារឿងងាយស្រួល ប៉ុន្តែការថែទាំដើមឈើមួយដើមឱ្យរស់រានមានជីវិត និងលូតលាស់រឹងមាំ ទើបជាការទទួលខុសត្រូវពិតប្រាកដ។លោកស្នើសុំដាំកូនឈើទាំងនេះឱ្យបានត្រឹមត្រូវ ស្រោចទឹក ថែរក្សា ការពារ និង មើលការលូតលាស់របស់វា។ ចូរធ្វើឱ្យដើមឈើនីមួយៗ ក្លាយជាកេរមរតកសម្រាប់ក្រុមគ្រួសាររបស់បងប្អូន។
បន្ថែមពីនេះ លោកថា ក្រសួងបរិស្ថានក៏កំពុងពិសោធនវិធីសាស្ត្រ ថ្មីៗ ក្នុងការស្តារព្រៃឈើឡើងវិញ នៅតាមតំបន់ដែលមនុស្សពិបាកចូលទៅដល់។ យើងកំពុងសិក្សា និងសាកល្បងផលិតគ្រាប់ពូជឈើកែច្នៃ (Germinated Seeds) ដែលអាចបាចព្រួសពីលើអាកាសទៅក្នុងតំបន់ការពារណា ដែលមានដង់ស៊ីតេព្រៃឈើខ្សោយ និង ជាកន្លែងដែលមនុស្សពិបាក ឬមិនអាចចូលទៅដាំដោយផ្ទាល់ដៃបាន។
ទាក់ទងការបង្ក្រាបបទល្មើសបំផ្លាញព្រៃឈើ លោកថា ក្រសួងបរិស្ថានកំពុងពង្រឹងការអនុវត្តច្បាប់ ដោយគ្មានការលើកលែង ឬអត់ឱនឡើយ ចំពោះរាល់សកម្មភាពខុសច្បាប់ទាំងឡាយណា បំផ្លាញព្រៃឈើ ទន្ទ្រានកាន់កាប់ដីធ្លីក្នុងតំបន់ការពារ ឬបង្កវិនាសកម្មដល់ធនធានធម្មជាតិ។ ក្រសួងបរិស្ថាន កំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តវិធានការច្បាប់នេះ៕