ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៩ កក្កដា បានប្រកាសជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនជនទេសន្តរប្រវេសន៍ ការងារខ្មែរទៅធ្វើការនៅរដ្ឋអ៊ីស្រាអែលក្នុងវិស័យកសិកម្ម ចំនួន ២ ០០០នាក់ ក្នុងវិស័យកសិកម្ម។
បើតាមក្រសួង លក្ខខណ្ឌនៃការជ្រើសរើសមានដូចជា៖ មានអាយុចន្លោះពី ២៣ ដល់ ៣៩ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសកម្រិតមូលដ្ឋាន (បេក្ខជនដែលចេះភាសាហេព្រើរត្រូវបានផ្តល់អាទិភាព) មានបទពិសោធន៍ការងារកសិកម្មនៅកសិដ្ឋាន ដែលមានសកម្មភាពប្រហាក់ប្រហែលនៅរដ្ឋអ៊ីស្រាអែល បេក្ខជនដែលមានបទពិសោធន៍ការងារកសិកម្មស្របច្បាប់នៅសាធារណរដ្ឋកូរ៉េ ឬជប៉ុន ត្រូវបានផ្តល់អាទិភាព មានកាយសម្បទារឹងមាំ និងស្មារតីល្អ អាចបំពេញការងារក្រោមបរិយាកាសក្តៅនិងត្រជាក់ខ្លាំង និងនៅទីវាល នៅរដ្ឋអ៊ីស្រាអែល មិនមានសាច់ញាតិកំពុងរស់នៅ ឬធ្វើការក្នុងរដ្ឋអ៊ីស្រាអែល មិនធ្លាប់ទៅធ្វើការនៅរដ្ឋអ៊ីស្រាអែលពីមុន មិនមានជំងឺឆ្លង (របេង, រលាកថ្លើម B និង C, មេរោគអេដស៍ ឬកាមរោគ), មិនមានប្រវត្តិជំងឺ បេះដូង, មិនមានជំងឺងងឹតពណ៌ភ្នែក, និងមិនមានពិការភាពផ្នែកអវយវៈ ជាពលរដ្ឋល្អ មិនធ្លាប់ប្រើប្រាស់គ្រឿងញៀន ឬញៀនគ្រឿងស្រវឹង មិនមានប្រវត្តិប្រព្រឹត្តបទល្មើស ឬជាប់ពន្ធនាគារ ឬទោសឧក្រិដ្ឋ។
បន្ថែមពីនេះ បេក្ខជនជាបុរស នឹងត្រូវបានជ្រើសរើសភាគច្រើន ខណៈប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅរដ្ឋអ៊ីស្រាអែល គឺប្រមាណ ២ ១០០ ដុល្លារអាម៉េរិក (អាចប្រែប្រួលតាមអត្រាប្តូរប្រាក់ជាក់ស្តែង) និងតម្រូវឱ្យមានការកាត់ប្រាក់ឈ្នួលជាកាតព្វកិច្ចតាមច្បាប់ ដូចជា ថ្លៃធានារ៉ាប់រងសុខភាព ទីកន្លែងស្នាក់នៅនិងថ្លៃទឹកភ្លើង ពន្ធលើប្រាក់ចំណូល និងធានា រ៉ាប់រងផ្សេងៗ។ រយៈពេលធ្វើការងារអតិបរមារបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅរដ្ឋអ៊ីស្រាអែល មានចំនួន ៦៣ខែ គិតចាប់ពីថ្ងៃដំបូងចូលទៅរដ្ឋអ៊ីស្រាអែល។
យោងតាមកិច្ចព្រមព្រៀងជាមួយរដ្ឋអ៊ីស្រាអែល បេក្ខជនត្រូវចំណាយសរុបទាំងអស់ប្រមាណ ៣ ៨០០ដុល្លារអាម៉េរិក (អាចប្រែប្រួលតាមអត្រាប្តូរប្រាក់ជាក់ស្តែង) លើសំណុំឯកសារចាំបាច់ ការបណ្តុះបណ្តាល សំបុត្រយន្តហោះពីកម្ពុជាទៅរដ្ឋអ៊ីស្រាអែល សេវារដ្ឋបាល និងសេវាថែទាំ ដែលត្រូវបង់ឱ្យទីភ្នាក់ងារជ្រើសរើសនៅរដ្ឋអ៊ីស្រាអែល។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទៅយកពាក្យនៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងទទួលពាក្យ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)៕