Img 1426
Swift cc time

កម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នា ជំរុញនិងពន្លឿនការតភ្ជាប់«ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវគោក និងផ្លូវទឹក »ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដឹក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ុន ចាន់ ថុល (ស្តាំដៃ) និងលោក Sonexay Vannaxay (ឆ្វេងដៃ) (រូបភាព៖ ក.អ.ក.)

ភ្នំពេញ៖ កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈរួមក្នុងការពិនិត្យលទ្ធភាពជំរុញ និងពន្លឿនការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញផ្លូវទឹក ជាពិសេសការសម្របសម្រួល និងការធ្វើសាមញ្ញកម្មនៃនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដើមភស្តុភារកម្ម ដែលជាកត្តាជំរុញដ៏មានឥទ្ធិពលដល់លំហូរពាណិជ្ជកម្មទ្វេភាគី វិស័យទេសចរណ៍ និងការធ្វើដំណើរទៅមកដោយរលូនរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការឯកភាពនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនេះ ឯកអគ្គរាជទូតឡាវ បានគូសបញ្ជាក់ថា កម្ពុជា និងឡាវ គឺជាអ្នកជិតខាងល្អដែលមានប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ តែងតែត្រូវបានថែរក្សា និងលើកកម្ពស់ជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់។ លោកបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការរីកចម្រើននៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបណ្តាញផ្លូវថ្នល់ខ្វាត់ខ្វែង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពផ្លូវថ្នល់ ភាពងាយស្រួល សុវត្ថិភាព និងការតភ្ជាប់ដ៏មានប្រសិទ្ធភាពរវាងរាជធានី និងបណ្តាខេត្តនានា។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវជំនឿចិត្តថា អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ និងជាកាតាលីករក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែមានភាពស្អិតរមួត និងឈានឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀត។

នៅក្នុងជំនួបនារសៀលនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈ និងគំនិតយោបល់គន្លឹះសំខាន់ៗ ដែលមានខ្លឹមសារជាអាទិ៍ដូចជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម ដោយក្នុងនោះភាគីទាំងពីរបានបង្ហាញឆន្ទៈរួមក្នុងការពិនិត្យលទ្ធភាពជំរុញ និងពន្លឿនការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញផ្លូវទឹក ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដោយបានសង្កត់ធ្ងន់លើការសម្របសម្រួល និងការធ្វើសាមញ្ញកម្មនៃនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដើមភស្តុភារកម្ម ដែលជាកត្តាជំរុញដ៏មានឥទ្ធិពលដល់លំហូរពាណិជ្ជកម្មទ្វេភាគី វិស័យទេសចរណ៍ និងការធ្វើដំណើរទៅមកដោយរលូនរបស់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងផ្តល់តម្លៃខ្ពស់លើការស្វែងរកកិច្ចសហការរួមគ្នា ដើម្បីបើកទំព័រថ្មីមួយទៀតក្នុងការជំរុញទំហំពាណិជ្ជកម្ម និងលំហូរវិនិយោគទ្វេភាគីឱ្យស្របតាមសក្តានុពលជាក់ស្តែងនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមក្នុងការបង្កលក្ខណៈងាយស្រួលដល់ធុរជន វិនិយោគិន និងសហគ្រាសនៃប្រទេសទាំងពីរ ក្នុងការស្វែងរកឱកាសវិនិយោគ បង្កើតដៃគូយុទ្ធសាស្ត្រ និងការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច។

ភាគីទាំងពីរបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យថាមពល ដើម្បីធានាបាននូវសន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ដោយបានពិភាក្សាលើគម្រោងតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ដែលជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រក្នុងការរួមចំណែកធ្វើសមាហរណកម្មថាមពល និងការបែងចែកប្រភពថាមពលកកើតឡើងវិញ (Renewable Energy) ឱ្យកាន់តែមានប្រសិទ្ធភាព៕


Khcct banner

អត្ថបទទាក់ទង