ភ្នំពេញ៖ គ្រឹះស្ថាន ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ឃូលឃែស ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម ដកប្រាក់ ដាក់ប្រាក់ និងវេរលុយ បានអំពាវនាវដល់ភ្នាក់ងារ ពាណិជ្ជករ និងអតិថិជនទាំងអស់ ដែលមានទឹកប្រាក់ក្នុងគណនីឃូលឃែស ត្រូវមកបំពេញពាក្យស្នើសុំ ទូទាត់ប្រាក់ និងបិទគណនីឃូលឃែសចោលជាបន្ទាន់ នៅការិយាល័យកណ្តាលរបស់ខ្លួន។ ការអំពាវនវនេះត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលអង់គ្លេសបានសម្រេចដាក់ទណ្ឌកម្មលើគ្រឹះស្ថាននេះក្នុងគោលដៅបង្ក្រាបបណ្តាញក្លែងបន្លំទូរគមនាគមន៍ឆ្លងដែន។
បើតាមសេចក្ដីប្រកាស គ្រឹះស្ថានខាងលើនេះ បានអំពាវនាវដល់អតិថិជនរបស់ខ្លួនឱ្យមកដកប្រាក់ និងបិទគណនីឃូលឃែស នៅការិយាល័យកណ្ដាលរបស់ខ្លួនដែលមានអាស័យដ្ឋានស្ថិតនៅ អគារលេខ ៤៨-៥០ (ជាន់ផ្ទាល់ដី) ផ្លូវ ៣១០ ភូមិ២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រៀងរាល់ថ្ងៃធ្វ ការ (ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) ចាប់ពីម៉ោង ៩:០០ នាទីព្រឹក រហូតដល់ម៉ោង ១៧:០០ នាទីល្ងាច។
គ្រឹះស្ថាននេះ ស្នើឱ្យអតិថិជនរបស់ខ្លួនត្រូវមកបំពេញនីតិវិធីនេះឱ្យបានឆាប់រហ័ស ចាប់ពីថ្ងៃជូនដំណឹងនេះ ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់នានា បញ្ជាក់ពីអត្តសញ្ញាណដែលមានសុពលភាព សម្រាប់ការផ្ទៀងផ្ទាត់។ លិខិតនេះមានសុពលភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ មានការជូនដំណឹងសារជាថ្មីពីគ្រឹះស្ថាននាពេលខាងមុខ។
គួរបញ្ជាក់ថា រដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានដាក់ចេញនូវទណ្ឌកម្មថ្មីមួយទៀត តម្រង់ទៅលើប្រតិបត្តិករនៃមជ្ឈមណ្ឌលឆបោកដ៏ធំបំផុតនៅកម្ពុជា និងបណ្តាញរូបិយប័ណ្ណគ្រីបតូខុសច្បាប់ដែលគាំទ្រសកម្មភាពទាំងនេះ។ ក្នុងនោះ ក្រុមហ៊ុន ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក (Tianxu International Technology) ដែលជាក្រុមហ៊ុនមេរបស់ CoolCash និងក្រុមហ៊ុន Bsquare Technology ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីទណ្ឌកម្មនេះដែរ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាក់ថា វិធានការនេះមានគោលបំណងបង្ក្រាបបណ្តាញក្លែងបន្លំទូរគមនាគមន៍ឆ្លងដែន និងខ្សែសង្វាក់ហិរញ្ញវត្ថុរបស់ពួកគេ៕