ភ្នំពេញ៖ បារាំង និងកម្ពុជា កំពុងកសាងភាពជាដៃគូឆ្ពោះទៅរកអនាគតយ៉ាងពិតប្រាកដ ហើយបារាំងមិនចាត់ទុកកម្ពុជាត្រឹមតែជាទីផ្សារមួយនោះទេ ប៉ុន្តែជាដៃគូរយៈពេលវែងដ៏គួរឱ្យទុកចិត្ត ដែលជាភាពជោគជ័យមួយរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ។
លោក នីកូឡា ហ្វ័ររីស្យេ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃនេះទៅ ដើម្បីជំរុញសន្ទុះការទូតវិជ្ជមានរវាង បារាំង និងកម្ពុជា ទៅជាសមិទ្ធផលសេដ្ឋកិច្ចជាក់ស្តែង និង រយៈពេលវែង។សម្រាប់លោក នីកូឡា ហ្វ័ររីស្យេ បានចាត់ទុក កម្ពុជាកំពុងចូលដល់ដំណាក់កាលដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ខណៈពេលខ្សែសង្វាក់ផ្គត់ផ្គង់សកលកំពុងផ្លាស់ប្តូររូបរាង ហើយតំបន់អាស៊ីអាគ្នេយ៍បន្តរីកចម្រើនក្នុងសារៈសំខាន់ជាយុទ្ធសាស្ត្រ។លោកថា នេះគឺជាឱកាសពិសេសមួយ ដើម្បីកសាងភាពជាដៃគូដែលគួរឱ្យទុកចិត្ត។
បើតាមលោក នីកូឡា ហ្វ័ររីស្យេ បារាំងជឿជាក់ថា កម្ពុជាអាចជាដៃគូមួយក្នុងចំណោមជាច្រើនទៀតខ្លួន ហើយបារាំងរក្សាវត្តមាន សេដ្ឋកិច្ចរឹងមាំរួចហើយក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រពីបណ្តាញក្រុមហ៊ុន សហគ្រិន និង នាយកប្រតិបត្តិយ៉ាងហោច ណាស់ ២០០ ក៏ដូចជា អាជីវកម្មដែលបង្កើតឡើងដោយពលរដ្ឋបារាំងរស់នៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីបារាំង និងកម្ពុជា ឈានដល់ ១,៧៥ ពាន់លានអឺរ៉ូ កើនឡើងប្រចាំឆ្នាំចំនួន ១៧,៥%។រដ្ឋាភិបាលទាំងពីរឯកភាពគ្នាលើតម្រូវការក្នុងការបង្កើនការវិនិយោគរបស់បារាំង ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ។តាមរយៈទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងមកកម្ពុជាពេលនេះ ត្រូវបានអ្នកជំនាញរំពឹងថា នឹងជួយពន្លឿនគម្រោងនានាដូចជា វិស័យថាមពល សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ខណៈវិស័យទាំងនេះ មានសារៈសំខាន់ចំពោះការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា និង ជាកន្លែងដែលជំនាញរបស់បារាំងអាចនាំមកនូវតម្លៃយូរអង្វែង៕