ភ្នំពេញ៖ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ៦៣០ ៣១៩ តោន គិតជាទឹកប្រាក់មានចំនួន ៣៦៧.១០ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមរបាយការណ៍ រយៈពេល៦ខែកន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករជាង ៦៣ ម៉ឺនតោន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ ដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦០។ ក្នុងនោះ កម្ពុជាបាននាំចេញអង្ករចំនួន ២២៨ ៧៨០ តោន ទៅ៥ប្រទេសជាសមាជិកអាស៊ាន គិតជាទឹកប្រាក់មានចំនួន ៩៨.៩០ លានដុល្លារ ខណៈនាំចេញទៅប្រទេសចិននិងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ១៧០ ៤៨៣ តោន គិតជាទឹកប្រាក់មានចំនួន ៩៩.៦៧ លានដុល្លារ។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំចេញអង្ករចំនួន ១៧៩ ៨២៨ តោន ទៅ៣២ប្រទេសនៅក្នុងទ្វីបអឺរ៉ុប គិតជាទឹកប្រាក់មានចំនួន ១២១.៧៣ លានដុល្លារ ខណៈអង្ករចំនួន ៥១ ២២៨ តោន ត្រូវបាននាំចេញទៅ២៤ប្រទេសផ្សេងៗទៀត អាហ្វិ្រក មជ្ឈឹមបូព៌ា។ល។ ដែលគិតជាទឹកប្រាក់មានចំនួន ៤៦.៨០ លានដុល្លារ។
បើតាមរបាយការណ៍ ប្រភេទអង្ករដែលកម្ពុជាសម្រេចនាំចេញមានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៥៩.៨១%, អង្ករសគ្រាប់វែង ២២.៥៨%, អង្ករចំហុយ ១.៨២%, អង្ករសរីរាង្គ ១.២៤%, អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥%, និងអង្ករផ្សេងៗទៀត ០.២%។
របាយការណ៍ក៏បានបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២៦កន្លងទៅនេះ កម្ពុជាក៏សម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ៣ ១៧៦ ៥៦១ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៧១៣.៤២ លានដុល្លារ៕