Img 1426
Swift cc time

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ស្មានថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនថយមកនៅត្រឹមរង្វង់ ៣% តែកម្ពុជារំពឹងទុកថានឹងកើនក្នុងរង្វង់ ៤,២%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នឹងសម្រេចបានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់ ៣% ខណៈកម្ពុជាខ្លួនឯងរំពឹងថា កំណើនសេដ្ឋកិច្ចអាចនឹងសម្រេចបានក្នុងរង្វង់ ៤,២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមសេចក្ដីប្រកាស ផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ ត្រូវបានប៉ាន់ស្មាន ថានឹងសម្រេចបានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់ ៣%។ កំណើននេះ បានឆ្លុះបញ្ចាំអំពីភាពមិនប្រកដប្រជា និងបរិការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយ ភាយពីពហុវិបត្តិផ្ទួនៗ (multiple shocks) រួមមាន សង្គ្រាមនៅមជ្ឈិមបូព៌ាដែលបង្កឱ្យមានការឡើងថ្លៃប្រេង ឥន្ធនៈ, បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដ ប្រជានៃសេដ្ឋកិច្ចសកល។

លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានគូសរំលេច អំពីវិធានការអន្តរាគមន៍ដែលរាជរដ្ឋាបាលកម្ពុជាបានដាក់អនុវត្តបន្ទាន់ ដូចជា ការអនុវត្តគោល នយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹង ចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ចមានពីវិបត្តិដែលកម្ពុជាកំពុងរងផលប៉ះពាល់ និងអាចរុញច្រានកំណើន សេដ្ឋកិច្ច។

លោក Kenichiro Kashiwase ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ, ការពង្រឹងអភិបាលកិច្ច, ការធ្វើពិពិធកម្មទីផ្សារនាំចេញ, ការពង្រឹងសន្តិសុខថាមពល, និងការពង្រឹងការរក្សា និងចែករំលែកទិន្នន័យ ជាដើម ។

តែយ៉ាងណា លោក អូន ព័ន្ធមិន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២៦ នេះ, សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបាន កំណើនក្នុងរង្វង់ ៤,២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ គួបផ្សំនឹងការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នវិស័យឯកជន ក្នុងនោះវិស័យបម្រើការនាំចេញ ពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានកំណើនល្អប្រសើរជាងរំពឹងទុក។

លោកបន្តថា សកម្មភាពចាយវាយក្នុងស្រុកក៏នៅបន្តរក្សាបាននូវនិន្នាការវិជ្ជមាន ដែលឆ្លុះបញ្ចាំងតាមរយៈនិន្នាការវិជ្ជមាននៃអាករលើតម្លៃបន្ថែមក្នុងស្រុក និងការនាំចូលទំនិញប្រើប្រាស់។ យ៉ាងណាមិញ វិស័យទេសចរណ៍ត្រូវបានវាយតម្លៃឡើងវិញថានឹងធ្លាក់ចុះជាងការរំពឹងទុក ដែលឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍អន្តរជាតិ បើទោះបីជាអាចប៉ះប៉ូវមួយផ្នែក គឺនិន្នាការនៃការកើនឡើងភ្ញៀវទេសចរជាតិក្តី៕

Khcct banner

អត្ថបទទាក់ទង