ហ្សឺណែវ៖ កម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា ខណៈកម្ពុជាគឺជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដំបូងគេ ដែលចុះអនុស្សរណៈនៃការយោគយល់នេះ។ ការចុះMoUនេះត្រូវបានធ្វើឡើងរវាងលោកស្រី ចម និម្មល រដ្ខមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Daren TANG អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
នាឱកាសនេះ លោកស្រី ចម និម្មល បានគូសបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗ ដែលសម្រេចបានតាមរយៈការគាំទ្ររបស់ WIPO ក្នុងការពង្រឹងការងាររដ្ឋបាលរបស់កម្មសិទ្ធិបញ្ញា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល ការលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព ការគាំទ្រសហគ្រាសធុនតូច និងមធ្យមតាមរយៈគំនិតផ្តួចផ្តើមកម្មសិទ្ធិបញ្ញា។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពី គម្រោងបច្ចេកវិទ្យាសមស្រប និងគម្រោងកម្មសិទ្ធិបញ្ញាសម្រាប់កសាងកេរ្តិឈ្មោះម៉ាកដើម្បីទាក់ទាញទេសចរណ៍ដែលបានអនុវត្តនៅកម្ពុជាប្រកបដោយជោគជ័យ ព្រមទាំងបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធានាឱ្យកម្មសិទ្ធិបញ្ញាបន្តដើរតួនាទីជាកម្លាំងជំរុញនវានុវត្តន៍ សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (IPBC) សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ គួររំលឹកថា កម្ពុជាគឺជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដំបូងគេ ដែលចុះអនុស្សរណៈនៃការយោគយល់ខាងលើនេះ។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕