Img 1426
Swift cc time

CDC ជួបជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនៃ«ការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក.អ.ក)

ព្រះសីហនុ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដើម្បីធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ជាពិសេសទាក់ទងនឹងការដឹកជញ្ជូននាំចេញនិងនាំចូល។ ជំនួបនេះ ត្រូវបាធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ជាមួយលោក Tassilo Brinzer ប្រធាន EuroCham។

ជំនួបនាឱកាសនោះ មានការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសជុំវិញសូចនាករនានាដែលបានប្រមូល និងវិភាគដោយ EuroCham ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ជាពិសេស ទាក់ទងនឹងការដឹកជញ្ជូននាំចេញនិងនាំចូល។ ជាមួយគ្នានោះ តំណាងក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាកម្មលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ក្រុមហ៊ុន PPSHV Expressway និងក្រុមហ៊ុន Royal Railway PLC បានចូលរួមផ្តល់យោបល់ និងផ្លាស់ប្តូរទស្សនៈ សំដៅបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានស្រាប់របស់ខ្លួន។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរាល់មតិយោបល់ ព្រមទាំងកង្វល់នានាដែលត្រូវបានលើកឡើងដោយតំណាង EuroCham។ លោកបានផ្តល់នូវអនុសាសន៍ណែនាំ និងការចង្អុលបង្ហាញសំខាន់ៗមួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការដោះស្រាយបញ្ហាប្រឈម សំដៅលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏មានភាពប្រកួតប្រជែងមួយនៅក្នុងតំបន់។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា លោក ស៊ុន ចាន់ថុល បានបន្តដឹកនាំសមាសភាពចូលរួមទាំងអស់ ធ្វើទស្សនកិច្ច និងពិនិត្យប្រតិបត្តិការផ្ទាល់ (Site Visit) នៅក្នុងបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមកិច្ចរៀបចំសម្របសម្រួលពីរដ្ឋបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.)។ ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីស្វែងយល់បន្ថែមអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសមត្ថភាពជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិ។

គួរបញ្ជាក់ថា កិច្ចប្រជុំនាព្រឹកថ្ងៃទី៦កក្កដា មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន, អគ្គនាយករង ទទួលបន្ទុកកិច្ចការរដ្ឋបាល និងការគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.), អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (PPSHV Expressway), តំណាងក្រុមហ៊ុន Royal Railway PLC, សមាជិក សមាជិកានៃ EuroCham និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត៕


Khcct banner

អត្ថបទទាក់ទង