កំពង់ធំ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ២ពាន់នាក់ នាថ្ងៃទី៥ កក្កដា បានចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) ដោយបានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ និងព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ជាផ្នែកមួយនៃការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ និងជំរុញកំណើនភ្ញៀវទេសចរ ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។
ក្នុងព្រឹត្តិការណ៍នេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មានវត្តមានក្នុងព្រឹត្តិការណ៍ជិះកង់ពីខេត្តកំពង់ធំឆ្ពោះទៅប្រាសាទសំបូរព្រៃគុក និងព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡា មុនសម័យអង្គរ» ដើម្បីចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ និងជំរុញកំណើនភ្ញៀវទេសចរ ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។
ជាលទ្ធផល ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបទាំងអស់ប្រមាណ ២.០០០នាក់ ក្នុងនោះអ្នកចូលរួមព្រឹត្តិការណ៍ជិះកង់ ចម្ងាយ ៣០គីឡូម៉ែត មានអ្នកចូលរួមប្រមាណ ១.០០០នាក់ ដែលមានកីឡាករបរទេស ចំនួន ៣សញ្ជាតិ (អាល្លឺម៉ង់, ទុយណេស៊ី, និងអាលហ្សេរី) និងព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ (៤២គ.ម., ២១ គ.ម., ៩ គ.ម.) អ្នកចូលរួមប្រមាណ ១.០០០នាក់ ដែលមានកីឡាករបរទេស ចំនួន ១៥ សញ្ជាតិ៖ អាម៉េរិក, ចិន, ជប៉ុន, បារាំង, កូរ៉េខាងត្បូង, រុស្សី, ញ៉ូហ្សេលែន, ហូឡង់, ឈីលី, ឥណ្ឌូនេស៊ី, វៀតណាម, ហ្វីលីពីន, ស្រីលង្កា, ម៉ីយ៉ាន់ម៉ា, អ៊ុយក្រែន។
ព្រឹត្តិការណ៍នេះមានអ្នកចូលរួមច្រើនលើសការរំពឹងទុក ដោយលោករដ្ឋមន្រ្តី បានបញ្ជាក់ថា នេះគឺជាកម្លាំងរួបរួម និងការគាំទ្រចេញពីទឹកចិត្តក្នុងការស្រឡាញ់សម្បតិ្តបេតិកភណ្ឌវប្បធម៌ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ ជាពិសេស ការចូលរួមលើកកម្ពស់ វិស័យទេសចរណ៍ ស្របតាមទស្សទាន “ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី” “ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” ជាពិសេស លើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា “កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់នូវភាពកក់ក្ដៅ និង បដិសណ្ឋារកិច្ចល្អ” ដែលស្វាគមន៍ការមកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និង ទេសចរអន្តរជាតិមកពីទូទាំងសកលលោក៕