ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាត់ទុកថា វានឹងក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ពង្រឹងភាពទាក់ទាញនៃគោលដៅទេសចរណ៍ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ក្រៅពីរមណីយដ្ឋានអង្គរ (Beyond Angkor) ឱ្យកាន់តែច្រើន។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣ កក្កដា ២០២៦ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារក្នុងការអភិវឌ្ឍភ្នំគូលែន និងពិភាក្សា ព្រមទាំងពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨។ លោក បានសង្កត់ធ្ងន់អំពីចក្ខុវិស័យឱ្យប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍វប្បធម៌ ជំនឿ និង ធម្មជាតិឈានមុខគេនៅអាស៊ីអាគ្នេយ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ទាប់ពីប្រាសាទអង្គរវត្ត ទាំងរដូវកាលបៃតង និងរដូវកាលក្តៅ។
ថ្លែងក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំលេចថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍ និយាយជារួម និង ដោយឡែក ការស្ដារ និងជំរុញកំណើនទេសចរណ៍ នៅខេត្តសៀមរាប ដោយបានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ យុទ្ធនាការទស្សនាសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥, និងវិធានការអន្តរាគមន៍ជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដើម្បីឱ្យកាន់តែសម្បូរបែប និងមានភាពទាក់ទាញ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ សំដៅបង្កើនចំណូលដល់ប្រជាសហគមន៍ដោយផ្ទាល់។
គួរបញ្ជាក់ថា សេចក្ដីព្រាងវិធានការគន្លឹះនេះ រៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ដូចជា ១). បង្កើនភាពទាក់ទាញនិងការប្រកួតប្រជែងរបស់គោលដៅភ្នំគូលែន, ២). ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទេសចរណ៍, ៣). អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រប្រកបដោយគុណភាព, ៤). ធ្វើពិពិធកម្មផលិតផលនិងបទពិសោធទេសចរណ៍, ៥). អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌និងទេសចរណ៍ធម្មជាតិ, ៦). បង្កើនការចូលរួមនិងអត្ថប្រយោជន៍របស់សហគមន៍មូលដ្ឋាន, ៧). ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍បៃតង ឆ្លាតវៃ និងមានភាពធន់ , ៨).ពង្រឹងអភិបាលកិច្ច ភាពជាដៃគូ និងវិនិយោគក្នុងវិស័យទេសចរណ៍៕