ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ ក្នុងខណ្ឌដូនពេញ បានរៀបចំពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិ ជាមួយនិងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និង ផលិតផលអាម៉េរិក ដែលបើកជាសាធារណៈ។ព្រឹត្តិការណ៍នេះ ត្រូវបានអាម៉េរិកយល់ថា ជាការបញ្ជាក់អំពីស្មារតីយូរអង្វែងរបស់អាម៉េរិក លើភាពច្នៃប្រឌិត និងនយោបាយការទូត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងអាម៉េរិក និងកម្ពុជា។
លោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតអាម៉េរិក បានគូសបញ្ជាក់ថា ឆ្នាំ២០២៦ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ២៥០ នៃការកកើតអាម៉េរិកជាសមិទ្ធផលដ៏សំខាន់មួយ ដែលកម្ពុជា និងអាម៉េរិកមិនត្រឹមតែអបអរសាទរ ក្នុងនាមជាប្រជាជនអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានអបអរសាទររួមគ្នា ជាមួយមិត្តភក្តិខ្មែររបស់យើងពេញមួយឆ្នាំនេះ។
បើតាមលោកស្រី តន្ត្រី Pacific Brass មានវត្តមាននៅពេលនេះ គឺជាភាសាសកល ដែលមិនត្រូវការការបកប្រែនោះឡើយ។ វាអាចឆ្លងកាត់ព្រំដែន ផ្សារភ្ជាប់វប្បធម៌ និងជះឥទ្ធិពលផ្ទាល់ទៅកាន់បេះដូងមនុស្សគ្រប់រូប ហើយនៅរាត្រីនេះ តន្ត្រីបាននាំពួកយើងមកជួបជុំគ្នា នៅលើវិថីថ្មើរជើងនេះ ដើម្បីអបអរសាទរខួបកំណើតលើកទី ២៥០ របស់អាម៉េរិក។
លោកស្រីថា វង់តន្ត្រី Pacific Brass ពិតជាបានឆ្លងកាត់មួយសប្តាហ៍ដ៏អស្ចារ្យ និងគួរឱ្យចងចាំនៅទីនេះ ក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមកម្មវិធីនេះ បានស្តែងឱ្យឃើញពីទំនាក់ទំនង និងចំណងមិត្តភាពដ៏រឹងមាំ រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
ក្នុងនាមជាអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានមើលឃើញថា កិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា និង អាម៉េរិក កំពុងឈានទៅរកភាពល្អប្រសើរ ខណៈដែលប្រទេសកម្ពុជាមានសន្តិភាពពេញលេញ។លោកថា តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះ បានធ្វើឱ្យវិស័យពានិជ្ជកម្ម វិនិយោគ អប់រំនិងការដោះមីននៅកម្ពុជាកាន់តែល្អប្រសើរ ជាមួយនិងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាសន្តិសុខជាសកល៕