ភ្នំពេញ៖ ភ្លៀងធ្លាក់ជាប់ៗគ្នានៅខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា នៅប៉ុន្មានថ្ងៃមកនេះ បានបណ្តាលឲ្យខ្សែផ្លូវ ស្ពាន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន រងការជន់លិចរយៈពេលខ្លី រំខានខ្លះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។តែយ៉ាងណា គិតត្រឹមព្រឹកថ្ងៃទី ៥ កក្កដានេះ ជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួននៃខេត្តប៉ៃលិន ពោធិ៍សាត់ និងបាត់ដំបងបានស្រក។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា តាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ពោធិ៍សាត់ និងបាត់ដំបង បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ពេលនេះទឹកបានស្រក ខណៈដែលភ្លៀងនៅបន្តរលឹមឥតដាច់គ្រាប់។
តែយ៉ាងណា អាជ្ញាធរបានបន្តជូនជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង អូរប្រឡាយ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារ:ផ្សេងៗ ព្រោះស្ថានភាពមេឃនៅតែបន្តភ្លៀងធ្លាក់មិនទាន់ឈប់។
បើតាមលោក ផន រឹម បច្ចុប្បន្ន មន្ទីរសាធារណការ និងដឹកជញ្ជូននៅខេត្តភាគពាយ័ព្យបន្តតាមដានស្ថានភាពទឹក និងត្រៀមខ្លួនជានិច្ចអន្តរាគមន៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។