Img 1426
Swift cc time

អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃ៣៦អង្គ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ«យុទ្ធជនពលី» នៅថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ អាជ្ញាធរជាតិព្រះវិហារ

ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ នាថ្ងៃទី៤ កក្កដា បានប្រកាសថា នឹងរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៣៦អង្គ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០នឹង០០នាទី នៅសារមន្ទីរធម្មជាតិសម្តេចតេជោហ៊ុនសែន ព្រះវិហារ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីជន និងយុទ្ធជនពលី ក្នុងឱកាសប្រារព្វពិធីខួប១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ចំនួន២ដងនាពេលកន្លងមក បានបន្សល់ទុកនូវយុទ្ធជនពលីជាច្រើនរូប ដែលបានពលីជីវិតការពារដែនអធិបតេយ្យភាពរបស់កម្ពុជា រួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ដោយសារការវាយប្រហារពីសៀម កាលពីខែកក្កដា ប្រាសាទព្រះវិហាររងការខូចខាតចំនួន ១៤២កន្លែង និងខូចខាតបន្ថែមចំនួន ៤២០កន្លែងទៀតក្រោយខែធ្នូឆ្នាំ២០២៥ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈ។

ពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៣៦អង្គនៅថ្ងៃស្អែកនេះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីជន និងយុទ្ធជនពលី ដែលបានពលី ការពារដែនអធិបតេយ្យភាពរបស់កម្ពុជា នាពេលកន្លងមក។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៕

Khcct banner

អត្ថបទទាក់ទង