បាត់ដំបង៖ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបង បង្កើនទីផ្សារសម្រាប់កសិករ និងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ក្នុងខេត្ត។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្ត។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង គូសបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើ គឺដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងបង្កលក្ខណៈឱ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។
លោកអភិបាលខេត្តបាត់ដំបង បានបន្ថែមថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងមានសកម្មភាពសំខាន់ៗជាច្រើនរួមមាន៖ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង,ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤,បុហ្វេទុរេន និងការភ្លក់រសជាតិផ្លែឈើបាត់ដំបង,ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក,កម្មវិធីសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗ។
គួរបញ្ជាក់ថា កម្មវិធីបុហ្វេទុរេន នឹងត្រូវធ្វើឡើងត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ជាទុរេនមានប្រភពច្បាស់លាស់មកពីចំការរបស់អ្នកបាត់ដំបងផ្ទាល់១០០% ព្រមទាំងផ្លែឈើជាច្រើនមុខទៀត៕