ភ្នំពេញ៖ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញសួរសុខទុក្ខ សម្តេច ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងស្រីជំទាវ នៅគេហដ្ឋានរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ សម្តេច ម៉ែន សំអន បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ។
កំឡុងពេលសួរសុខទុក្ខ សម្តេច ម៉ែន សំអន ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូន សម្តេច ហោ ណាំហុង និងលោកស្រី ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹក។
សម្តេច ហោ ណាំហុង ក៏មានប្រសាសន៍ថា ក្រុមគ្រួសារពិតជាមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច ហ៊ុន ម៉ាណែត, លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះសារផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខ និងសូមអរគុណសម្តេច ម៉ែន សំអន និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាន នាពេលនេះ។
គួរបញ្ជាក់ថា សម្តេច ហោ ណាំហុង ជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជាដែលបានចូលរួមលើក កម្ពស់វិស័យការទូតនៅកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត និង មានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ។ សម្តេច ហោ ណាំហុង ត្រូវបានគេស្គាល់ថា ជាអ្នកការទូតជើងចាស់របស់កម្ពុជាតាំងតែពីសម័យសង្គមរាស្ត្រនិយម ចំណាយពេលប្រមាណ៦០ឆ្នាំ ពិសេស ៤៥ឆ្នាំ ក្រោយរំដោះចេញពីរបប ប៉ុល ពត ឆ្នាំ១៩៧៩ ជួយពង្រឹងកិច្ចការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ៕