ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ សហស្ថាបនិកមួយរូបដែលបានចូលរួមក្នុងការបង្កើតសមាគមឧកញ៉ាកម្ពុជា ព្រមទាំងបានបំពេញតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាអគ្គលេខាធិការតាំងពីសមាគមនេះត្រូវបានបង្កើតជាផ្លូវការនោះ ត្រូវបានផ្តល់ការទុកចិត្ត និងដំឡើងឋានៈជា «អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា» ចាប់ពីខែកក្កដា ឆ្នាំ២០២៦នេះតទៅ។
សូមបញ្ជាក់ថា ក្នុងពេលបំពេញតួនាទីជាអគ្គលេខាធិការរបស់សមាគមចាប់តាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣មកនោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានបំពេញតួនាទីយ៉ាងសកម្មក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដើម្បីដឹកនាំអគ្គលេខាធិការដ្ឋានដែលជាសេនាធិការលើការបំពេញការងារប្រចាំថ្ងៃរបស់សមាគម។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏ជាសមាសភាពតំណាងសមាគមឧកញ៉ាកម្ពុជានៅក្នុងស្ថាប័នសំខាន់ៗមួយចំនួនផងដែរដូចជា៖ គណៈកម្មការអន្តរក្រសួង ពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ.) និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ជាដើម។
សូមជម្រាបដែរថា យោងលើឯកសារជីវប្រវត្តិផ្ទាល់ខ្លួនបានឱ្យដឹងថា អ្នកឧកញ៉ា ហ៊ុន ឡាក់ បានកើតនៅក្នុងឆ្នាំ១៩៦៦ នៅក្រុងភ្នំពេញ។ ក្រោយរបបខ្មែរក្រហម លោកបានចាប់ផ្តើមដោយការលក់នំដើម្បីជីវភាពក្នុងវ័យ១៤ឆ្នាំហើយដោយមានឈាមជ័រជាសហគ្រិនទាំងវ័យក្មេងលោកបានខិតខំតស៊ូពីបាតដៃទទេរហូតនៅឆ្នាំ១៩៨៩ លោកបានរៀបអាពាហ៍ពិពាហ៍និងបានរួមគ្នាបង្កើតក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងទេសចរណ៍ជាមួយបងប្រុសរបស់លោក។ នៅក្នុងឆ្នាំ១៩៩៦ លោកបានបង្កើតក្រុមហ៊ុនផ្តល់សេវាទូទៅផ្នែកអនាម័យនិងកម្ចាត់សត្វល្អិតដែលចាប់ផ្តើមពីបុគ្គលិកជាងដប់នាក់ និងបានពង្រីករហូតបានជាងមួយពាន់នាក់។ ក្រោយទទួលបានការរីកចម្រើន លោកក៏បានពង្រីកមុខរបរអាជីវកម្មជាបន្តបន្ទាប់។ អ្នកឧកញ៉ា ក៏ធ្លាប់មានតួនាទីជា អនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា, ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមប្រឹក្សាគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
បច្ចុប្បន្ន អ្នកឧកញ៉ា ហ៊ុន ឡាក់ មានក្រុមហ៊ុនមួយចំនួនរាប់បញ្ចូលទាំងក្រុមហ៊ុនក្នុងវិស័យកសិពាណិជ្ជកម្មជាដើម។ ជាពិសេសក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយនេះ លោកបានប្រឹងប្រែងរកលទ្ធភាពទំនាក់ទំនងបើកទីផ្សារនិងបង្កើនខ្សែច្រវាក់តម្លៃបន្ថែមក្នុងស្រុកដើម្បីធ្វើឱ្យក្រុមហ៊ុនបន្តមាននិរន្តរភាពនិងភាពរីកចម្រើនចូលរួមក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងរួមចំណែកផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានច្រើន។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយដល់សកម្មភាពសប្បុរិសធម៌នានាដូចជា បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា, កាកបាទក្រហមកម្ពុជា, សកម្មភាពបោសសម្អាតគ្រាប់មីន, ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩, មន្ទីរពេទ្យហ្លួងម៉ែតាមរយៈមូលនិធិគ្រូពេទ្យយុវជនស្ម័គ្រចិត្តធីតា (T.Y.D.A.) ជាដើម។ អ្នកឧកញ៉ា ទទួលបានមេដាយជាតិជាបន្តបន្ទាប់ថ្នាក់មុនីសារភ័ណ្ឌ, ថ្នាក់មហាសេរីវឌ្ឍន៍, និងមេដាយថ្នាក់កំពូល «ជាតូបការ» ក្នុងឆ្នាំ២០១៧ ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕