Img 1426
Swift cc time

ត្រីមេពូជ កូនត្រី និងវារីសត្វពូជជាង២០ប្រភេទ ប្រមាណ ១លានក្បាល ត្រូវបានលែងចូលបឹងធម្មជាតិទន្លេវ៉ៃគោ អបអរសាទរទិវាមច្ឆជាតិ ១ កក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ស្វាយរៀង៖ នាថ្ងៃទី១ កក្កដា កម្មវិធីទិវាមច្ឆជាតិ ១កក្កដា លើកទី២១ បានប្រារព្ធធ្វើឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ក្នុងកម្មវិធីនេះ ត្រីមេពូជ កូនត្រី និងវារីសត្វពូជចំនួនសរុបជាង២០ប្រភេទ ប្រមាណជា ១លានក្បាល ត្រូវបានលែងចូលបឹងធម្មជាតិទន្លេវ៉ៃគោ នៅខេត្តស្វាយរៀង។

ក្នុងទិវាជាតិនេះ ក្រសួងកសិកម្ម បានរៀបចំការលែងត្រីមេពូជក្នុងស្រុក កូនត្រីចម្រុះ ចំនួន១លានក្បាល រួមមាន៖ បង្កង កង្កែប អន្ទង់ ត្រីកាហែ ត្រីឆ្ពិន ត្រីប្រា ត្រីព្រលូង និងវារីសត្វកម្រងាយរងគ្រោះថ្នាក់ដូចជា៖ ត្រីគល់រាំង កន្ធាយ និងអណ្តើក ខណៈទន្លេវ៉ៃគោបានកំពុងដើរតួនាទីជាប្រភពទឹកដ៏សំខាន់សម្រាប់ជាប្រភពស្បៀងអាហារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពឹងអាស្រ័យលើផលនេសាទ កសិកម្ម និងទេសចរណ៍។

បើតាមអគ្គនាយកដ្ឋានជលផល សហការជាមួយស្ថាប័នពាក់ព័ន្ធកន្លងមក ផលត្រីមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២៥ កន្លងមកនេះ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន (កើនឡើង១០%) ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។

គូរបញ្ជាក់ថា “ទិវាមច្ឆជាតិ” ត្រូវបានប្រារព្ធឡើងរៀងរាល់ថ្ងៃទី១ ខែកក្កដា ចាប់តាំងពីឆ្នាំ២០០៣ មកទល់ពេលបច្ចុប្បន្ន ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ព្រមទាំងទប់ស្កាត់ការនេសាទខុសច្បាប់គ្រប់ប្រភេទ និងគ្រប់ទម្រង់ សំដៅបង្កើនធនធានមច្ឆជាតិ សម្រាប់បំពេញតម្រូវការអាហារប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

Khcct banner

អត្ថបទទាក់ទង