ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច សម្រេចឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹង និងភេជ្ជៈមានជាតិស្ករ តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗ ដែលភ្ជាប់ឬមិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មាន ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ ឃ្យូអកូដ (QR CODE) និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗ ជាដើម ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។
ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ចមិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្ល។ គ្រប់សហគ្រាសទាំងអស់ រួមទាំង សហគ្រាសផលិត និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់រាល់ការបញ្ជាទិញ នាំចូល ឬ ផលិតថ្មីនូវ ក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដែលមានរង្វាន់ ឬដាក់រង្វាន់ក្នុងកេសផលិតផលទាំងនោះបន្តទៀត ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅ។
ក្រសួងអនុញ្ញាតឱ្យមានការជំរុញនិងលើកទឹកចិត្តផ្នែកពាណិជ្ជកម្មតាមរយៈការលក់បញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount) ដោយកំណត់មិនឱ្យលើសពី ១៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ និងមិនត្រូវលើសពី ២៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ ចំពោះផលិតផលជិតផុតសុពលភាពប្រើប្រាស់ ដែលមានអាយុកាលមិនលើសពី ៦០ថ្ងៃ មុនថ្ងៃផុតកំណត់ ដោយត្រូវជូនដំណឹង មកអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុន។
បន្ថែមលើនេះក្រសួងសេដ្ឋកិច្ចអនុញ្ញាតឱ្យមានការលក់ដោយមានបន្ថែមអត្ថប្រយោជន៍ផ្សេងៗជាទំនិញឬសេវាផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករ ជាអាទិ៍មាន កែវ ឆត្រ ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្ត ជាដើម ដែលមានតម្ល មិនលើសពី ៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ៕