ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៣០ មិថុនា បានបើកសិក្ខាសាលា «ការងារការទូតទេសចរណ៍ និងទេសចរណ៍ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ» ក្នុងគោលបំណងប្រមូលធាតុចូលថ្មីៗ ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំជាយុទ្ធសាស្ត្រថ្មីមួយ ក្នុងការជំរុញការទូតទេសចរណ៍ និងការទូតម្ហូបអាហារ ដែលជាអំណាចទន់ ( Soft Power) ដ៏មានឥទ្ធិពលបំផុត ដើម្បីទាក់ទាញនិងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានកាន់តែច្រើនឡើងៗ។
សិក្ខាសាលានេះ មានការចូលរួមពីសំណាក់តួអង្គចម្រុះ ទាំងអ្នករៀបចំគោលនយោបាយ អ្នកការទូត ចុងភៅ និងប្រតិបត្តិករទេសចរណ៍។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភ្ញៀវទេសចរសម័យថ្មី មិនត្រឹមតែចង់មកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែចង់ភ្លក់រសជាតិម្ហូបអាហារប្រចាំតំបន់ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីទទួលបាននូវបទពិសោធពិតប្រាកដ ដែលឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណ និងភាពវិសេសវិសាលរបស់គោលដៅទេសចរណ៍នីមួយៗ។
លោក ហួត ហាក់ មានប្រសាសន៍បន្តថា ការងារការទូតទេសចរណ៍ (Tourism Diplomacy) និងទេសចរណ៍ម្ហូបអាហា (Gastronomy Tourism) ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ (Gastro-Diplomacy) បានវិវឌ្ឍខ្លួនទៅជាយន្តការយុទ្ធសាស្ត្រ និងជាឧបករណ៍អំណាចទន់ (Soft Power) ដ៏មានប្រសិទ្ធភាព សម្រាប់បណ្តាប្រទេសជាច្រើនទាំងក្នុងតំបន់ និងសកលលោក ក្នុងការកសាង និងពង្រឹងកិត្តិនាមជាតិ តាមរយៈការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ និងមរតកម្ហូបអាហារ ដើម្បីបង្កើនភាពទាក់ទាញរបស់ប្រទេស ទាក់ទាញភ្ញៀវទេសចរ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងគាំទ្រកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាព ភាពធន់ និងបរិយាបន្ន។
ទន្ធឹងនឹងនេះ លោករដ្ឋមន្ត្រី បានគូសរំលេចថា ការច្នៃប្រឌិតនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរក្សាការពារអត្តសញ្ញាណ “រសជាតិដើម” ស្របគ្នានឹងការលើកកម្ពស់ស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារ ពោលគឺ កិច្ចការនេះ មិនត្រឹមតែជាកត្តាគន្លឹះក្នុងការពង្រឹងការប្រកួតប្រជែងរបស់វិស័យបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមខ្លួនជាយុទ្ធសាស្ត្រសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាពិសេស «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី(Francophonie Summit)» នាខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ ដែលនេះគឺជាឱកាសដ៏វិសេសវិសាលសម្រាប់កម្ពុជា ក្នុងការបង្ហាញឧត្តមភាពនៃផ្ទះបាយខ្មែរ លើកកម្ពស់កិត្តិនាមជាតិ និងបន្សល់ទុកនូវបទពិសោធដ៏គួរឱ្យចងចាំដល់ភ្ញៀវអន្តរជាតិ៕