Img 1426
Swift cc time

កម្ពុជាប្រកាសត្រៀមខ្លួនរួចរាល់ សម្រាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល «ប្រទេសនិយាយបារាំង» និង ធានាពីភាពជោគជ័យនៃកិច្ចប្រជុំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បារាំង៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នាថ្ងៃទី៣០ មិថុនា ២០២៦ បានប្រកាសពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះដើម្បីទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចក្នុងកិច្ចប្រជុំកំពូល «ប្រទេសនិយាយបារាំង» ឬហៅថាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស។

ក្នុងសន្និសីទនេះ មានការធ្វើបទបង្ហាញរបស់បេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី (OIF) និងកិច្ចសន្ទនាឆ្លងឆ្លើយ ដែលបេក្ខជននិមួយៗតម្រូវបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការដឹកនាំនិងការធ្វើកិច្ចសន្ទនាជាមួយគណៈប្រតិភូ។ បន្ថែមពីនេះ មានកិច្ចប្រជុំចង្អៀត សម្រាប់រដ្ឋមន្ត្រី/ប្រធានគណៈប្រតិភូ ធ្វើការពិភាក្សាសរុបមតិយោបល់ និងអនុសាសន៍ ដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលរបស់ខ្លួន សម្រេចជាចុងក្រោយលើតំណែងអគ្គលេខាធិការនេះ។

ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ដើម្បីទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅដល់គ្រប់គណៈប្រតិភូអន្តរជាតិ អញ្ជើញមកកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រោមកិច្ចសហការជិតស្និទ្ធពីគ្រប់ដៃគូទាំងអស់ ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលខាងលើ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ ប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ "ប្តេជ្ញាបន្តការពារសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង" មានប្រទេសសមាជិកចំនួន៥៣ប្រទេសនឹងចូលរួម ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏នឹងមានវត្តមានក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ ដែលនេះជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តដ៏ធំសម្រាប់ប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង