ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហនុមុនី ព្រះមហាក្សត្រនៃកម្ពុជា បានគាំទ្រ និង ជំរុញឱ្យដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ខណៈអំពាវដល់ប្រជានុរាស្ត្រខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសរួមគ្នា ជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និង គាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាល។
ក្នុងព្រះរាជសារ កំឡុងពេលបើកបវេសនកាលនៃរដ្ឋសភា នាថ្ងៃទី១ កក្កដា ២០២៦នេះ ព្រះករុណា ព្រះមហាក្សត្រខ្មែរ បានចាត់ទុក ការអនុម័តច្បាប់ស្តីពី កាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗ ពិតជាសមស្រប និងមានសារៈសំខាន់បំផុត ក្នុងការពង្រឹងខឿនការពារជាតិ ការពារ អធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រងការប្រើប្រាស់ដែនសមុទ្រនិងធនធានសមុទ្រ ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយៗ។
ព្រះករុណា អំពាវដល់បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស សូមបន្តរូបរួមគ្នា ជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និង កសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿន ថែមទៀត ដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋ ដោយយកប្រជាជនជាស្នូល។
ព្រះមហាក្សត្រនៃកម្ពុជា លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេស យុវជន សូមចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា សំដៅរួមគ្នាការពារ និងកសាងជាតិ មាតុភូមិ ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត៕