Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបានភ្ញៀវទេសចរជាង១លាននាក់ក្នុងរយៈពេល៤ថ្ងៃកំលុងពេលឆ្លងឆ្នាំសកល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានភ្ញៀវទេសចរដើរកម្សាន្តសរុបចំនួន ១,២៧៩,១២៨ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុប ជាង១លាននាក់ មានភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់ ហើយសម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។

ឯកឧត្តមបានបន្តថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។

ឯកឧត្តមបន្ថែមថា ក្រុមការងាររបស់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានចុះពិនិត្យ និងណែនាំដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការជួបជុំទ្រង់ទ្រាយធំ និងកកកុញមានមនុស្សច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ពាក់ព័ន្ធជំងឺកូវីដ-១៩នេះ នៅមិនទាន់មានភាពពេញលេញទាំងស្រុងនៅឡើយ ពិសេសការរក្សាគម្លាតសុវត្ថិភាពនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានលក្ខណៈប្រមូលផ្តុំច្រើន។ កិច្ចការនេះ ក្រសួងទេសចរណ៍នឹងបន្តការរៀបចំជាមួយរដ្ឋបាលរាជធានី-ខេត្តឲ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត។

ឯកឧត្តមក៏បានបញ្ចាក់ថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេក្នុងរយៈពេល៤ថ្ងៃនេះ។ រីឯការគ្រប់គ្រងសំរាមនៅតែជាបញ្ហាប្រឈម ជាពិសេសនៅយប់ឆ្លងឆ្នាំ ដោយប្រជាពលរដ្ឋមួយចំនួនមិនបានទុកសំរាមឲ្យបានត្រឹមត្រូវ ដោយទុកចោលនៅកន្លែងទទួលទានអាហារជុំគ្នា ពិសេសគោលដៅទេសចរណ៍ដែលមានការជួបជុំច្រើន ដូចជានៅតំបន់ឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងរាជធានី-ខេត្តជាដើម ប៉ុន្តែរដ្ឋបាលរាជធានី-ខេត្តបានខិតខំចាត់កម្លាំងប្រមូលទុកដាក់សំរាមនេះនាព្រឹកបន្ទាប់ ដោយពុំធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពគោលដៅទេសចរណ៍ឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: ទេសចរណ៍កម្ពុជា
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង