សៀមរាប៖ សត្វទោចមកុដក្នុងព្រៃអង្គរបានកើតកូន១ក្បាលទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដ មានចំនួនសរុប ១៥ក្បាល។ សត្វទោចមកុដក្នុងព្រៃអង្គរ បានផ្តល់កំណើតកូនតូច១ក្បាលទៀតនៅអំឡុងខែឧសភា និងត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងអង្គការដៃគូដាក់ឈ្មោះឱ្យថា រៃ។
អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរា លោក និក ម៉ាក បានបង្ហាញអារម្មណ៍រីករាយឥតឧបមា ដែលវត្តមានសត្វទោចមកុដមួយក្បាលទៀតបានរស់រាននៅក្នុងព្រៃអង្គរ។ លោករំឭកថា អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននាំយកសត្វទោចនេះមកព្រលែងនៅក្នុងឧទ្យានអង្គរ នាឆ្នាំ២០១៣។ បន្ទាប់ពីគម្រោងនេះបាននាំយកទោចមកុដចំនួន ៤គូរ ឬ៤គ្រួសារ មកព្រលែងនៅតាមទីតាំងផ្សេងៗឆ្ងាយពីគ្នាក្នុងព្រៃអង្គរ ហើយបច្ចុប្បន្នទោចទាំងនោះ បង្កើតកូនបានចំនួន៧ក្បាលរួចហើយ។ សរុបវត្តមានសត្វទោចទាំងអស់ ដែលកំពុងរស់នៅក្នុងឧទ្យានមានចំនួន ១៥ក្បាល។
ទាក់ទងនឹងវត្តមានកូនទោចថ្មីឈ្មោះ រៃនេះ លោក និក ម៉ាក បានបញ្ជាក់ថា ឪពុករបស់វាឈ្មោះ បារាយណ៍ ម្តាយឈ្មោះ សារ៉ានិច ដែលធ្លាប់មានកូនចំនួន២ក្បាលរួចមកហើយ គឺកូនទី១ឈ្មោះ កន្ទេះឡង់ និងកូនទី២ឈ្មោះ ក្តាមទូក។
លោក មឿន សារិន្ទ អ្នកថែទាំ និងដាក់ចំណីឱ្យសត្វទោចមកុដក្នុងព្រៃអង្គរ បានឱ្យដឹងថា ក្នុងមួយថ្ងៃលោកនិងកូនប្រុស ត្រូវដើរដាក់ចំណីចំនួន២ដង គឺនៅពេលព្រឹក និងរសៀល។ ក្រៅពីដាក់ចំណី លោកក៏ត្រូវតាមដានពីសុខទុក្ខរបស់សត្វទាំងនោះផងដែរ ដូចជាកន្លែងរស់នៅ ឥរិយាបថរបស់ពួកវា និងពិនិត្យក្រែងវាមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ បុគ្គលិកអាជ្ញាធរជាតិអប្សរារូបនេះ បញ្ជាក់ថា អាហារដែលសត្វទោចហូបជាប្រចាំមានផ្លែឈើចម្រុះដូចជា ចេក សាវម៉ាវ ល្ហុង និងផ្លែឈើតាមរដូវកាល។ ហើយការដាក់ចំណីត្រូវចងដាក់លើក្តារទាញទៅលើឱ្យខ្ពស់បន្តិច បង្ការកុំឱ្យសត្វទោចចុះដី ខ្លាចសត្វឆ្កែខាំវា៕