ពោធិ៍សាត់៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៤ មិថុនា បានរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធ និងនិវត្តជន ចំនួន៥១គ្រួសារថ្មីបន្ថែម នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីនេះ មានការចូលរួមពីលោក អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងលោកបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម និងលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្តពោធិ៍សាត់ ព្រមទាំងប្រធានមន្ទីរ អាជ្ញាធរ មេភូមិ កងកម្លាំងទាំង៣ប្រភេទ និងតំណាងគ្រួសារអតីតយុទ្ធជន និងនិវត្តជនទាំង៥១គ្រួសារ។
លោក ខូយ រីដា បានលើកឡើងថា ប្រមុខថ្នាក់ដឹកនាំកំពូលកម្ពុជាសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ក៏ដូចថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់ និងបានរៀបចំឱ្យមានទីនេះឡើងសម្រាប់បងប្អូនអតីតយុទ្ធជន និងនិវត្តជនបានទទួលបានដី ផ្ទះ រស់នៅ និងបង្កបង្កើនផល ដើម្បីជីវភាពបងប្អូនទាំងអស់កាន់តែប្រសើរ។
លោកបន្តថា ការរៀបចំពិធីចាប់ឆ្នោតចែកផ្ទះនេះគឺបង្ហាញពីការយកចិត្តទុកដាក់ និងការតបស្នងសងគុណសម្រាប់ការលះបង់អាយុជីវត គុណបំណាច់របស់បងប្អូនទាំងអស់ដែលបានយកអាយុជីវិតការពារជាតិទឹកដី និងចូលរួមអភិវឌ្ឍន៍ប្រទេសរហូតបានដូចសព្វថ្ងៃនេះ ដូចនេះបងប្អូនទាំង៥១គ្រួសារនៅពេលទទួលបានផ្ទះនេះហើយត្រូវថែរក្សា ខំប្រឹងដាំដុះដំណាំមានប្រយោជន៍ និងធ្វើយ៉ាងណាចូលរួមប្រែក្លាយភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នេះក្លាយជាភូមិគំរូមួយរបស់ប្រទេសកម្ពុជា។
យោងតាមរបាយការណ៍លេខាធិការដ្ឋាន អ.ន.ក. ខេត្ត អតីតយុទ្ធជននៅខេត្តពោធិ៍សាត់ សរុបមានចំនួន ៥, ៤៧៨ នាក់ និងនិវត្តជន មានចំនួន ១,៦៤៩ នាក់ ចូលជាសមាជិក អ.ន.ក.ខេត្ត មានចំនួន ៤,៦៩៤នាក់។ ការងារសាងសង់ និងបែងចែក ដី-ផ្ទះ ជូនសមាជិកអតីតយុទ្ធជន និងនិវត្តជនក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦ បានសរុបចំនួន ៦២៨ខ្នងផ្ទះ៕