ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសុខាភិបាល បានពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា ដើម្បីពង្រឹងវិស័យសុខាភិបាលកម្ពុជា តាមរយៈការកសាងប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ មានភាពធន់ និងអាចបម្រើសេវាសុខាភិបាលបានកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោកស្រី អាឡូណា ហ្វីសឺរ-កាម ឯកអគ្គរដ្ឋទូត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងប្រទេសទាំងពីរ។ ខណៈដែលកំពុងឆ្ពោះទៅរកគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage - UHC) កម្ពុជាស្វាគមន៍ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលលើវិស័យសុខាភិបាលឌីជីថល បច្ចេកវិទ្យាវេជ្ជសាស្ត្រ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល សុខភាពកុមារតូច ការថែទាំកុមារអូទីស្សឹម និងវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់។
បើតាមក្រសួងសុខាភិបាល តាមរយៈកិច្ចសហការររវាងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកែទម្រង់វិស័យសុខាភិបាល និងអ្នកជំនាញរបស់អ៊ីស្រាអែលក្នុងការច្នៃប្រឌិត និងបច្ចេកវិទ្យា ការកសាងប្រព័ន្ធសុខាភិបាលដែលកាន់តែរឹងមាំ មានភាពធន់ និងអាចបម្រើសេវាសុខាភិបាលបានកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ៕