Img 1426
Swift cc time

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នៅសណ្ឋាគារសុខាភ្នំពេញ។

លោក វង្សី វិស្សុត បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី «ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា» នាថ្ងៃនេះ គឺការបោះជំហានថ្មីមួយទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលដើម្បីរួមគ្នាគិតគូរពីការរៀបចំ និងបញ្ចូលច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្មទៅជាក្រមពាណិជ្ជកម្មមួយដែលច្បាស់លាស់ មានសមានគតិភាព និងជួយទ្រទ្រង់ប្រសិទ្ធភាពនិងការលូតលាស់នៃធុរកិច្ចដែលនឹងក្លាយជាចំណែកដ៏សំខាន់មួយនៃការកសាងបូរណភាពនៃប្រព័ន្ធច្បាប់ក៏ដូចជានីតិរដ្ឋនៅកម្ពុជា។

លោកបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់លើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃ «ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច» របស់រាជរដ្ឋាភិបាល ហើយក្នុងទិសដៅពន្លឿនល្បឿននៃការងារកែទម្រង់ សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ក្នុងឆ្នាំ២០២៤ ជាមួយនឹងការអនុម័តដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០២៥ ហើយគិតមកទល់ពេលនេះ សកម្មភាពកែទម្រង់ជាច្រើនត្រូវបានដាក់ចេញ និងអនុវត្តជាបន្តបន្ទាប់ដោយរួមទាំងកិច្ចពិភាក្សាលើការរៀបចំក្រមពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០២៥ផងដែរ។

ទោះបីយ៉ាងណាក៏ដោយ ការរៀបចំក្រមពាណិជ្ជកម្មរបស់កម្ពុជា គឺជាគម្រោងរយៈពេលវែងមួយទាមទារការសិក្សាឱ្យបានស៊ីជម្រៅលើគ្រប់ទិដ្ឋភាពទាំងអស់ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំនិងតាក់តែងដោយត្រូវចាត់ទុកកិច្ចការនេះជាអាទិភាពមួយដែលត្រូវធ្វើឱ្យបានលឿនបំផុត ប៉ុន្តែធ្វើទៅតាមល្បឿនដែលអាចធ្វើទៅបាន ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងអាចអនុវត្តបានពេញលេញ ព្រមទាំងមានប្រយោជន៍។

ក្នុងឱកាសនេះ លោក វង្សី វិស្សុត បានលើកទឹកចិត្តអង្គសិក្ខាសាលាទាំងមូលឱ្យចូលរួមដោយសកម្ម និងស្មោះត្រង់ ក្នុងស្មារតីស្ថាបនា ដើម្បីប្រមូលនូវការចេះដឹង បទពិសោធ និងធាតុចូលសំខាន់ៗ ដោយផ្ដោតជាពិសេសទៅលើ ទី១ វិធីសាស្ត្រនៃការរៀបចំក្រម ដោយត្រូវរៀនសូត្រពីប្រទេសផ្សេងៗផង ហើយក៏រៀនសូត្រពីប្រទេសខ្លួនឯងផង និងទី២ វិសាលភាពនៃក្រមនេះ ដោយត្រូវកំណត់ឱ្យបានសមស្រប តែមានភាពគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិផង និងតាមបរិបទនិងបទពិសោធរបស់កម្ពុជាផ្ទាល់ផងដែរ៕


Khcct banner

អត្ថបទទាក់ទង