Img 1426
Swift cc time

មន្ត្រីព័ត៌មានកម្ពុជា ចូលរួមសិក្ខាសាលានៅចិន ដើម្បីនាំយកចំណេះដឹង និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយថ្មីៗ មកអភិវឌ្ឍវិស័យព័ត៌មានបន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ប៉េកាំង៖ មន្ត្រីជំនាញចំនួន ៧ រូប ចូលរួមក្នុងសិក្ខាសាលាស្តីពី “មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅប៉េកាំង នៃប្រទេសចិន ជាមួយអ្នកសារព័ត៌មានបណ្តាប្រទេសក្នុងតំបន់ Global South មកពីប្រទេសចំនួន១២។ វគ្គសិក្ខាសាលារយៈពេលពីរសប្តាហ៍នេះ ត្រូវបានរំពឹងថានឹងជួយពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានកម្ពុជា ក្នុងការនាំយកចំណេះដឹង និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយថ្មីៗ មកអភិវឌ្ឍវិស័យព័ត៌មាននៅក្នុងប្រទេសឱ្យកាន់តែរីកចម្រើន និងទាន់សម័យកាល។

លោក ជួន ចាន់ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាតំណាងគណៈប្រតិភូមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានគូសបញ្ជាក់ថា សិក្ខាសាលានេះជាវេទិកាដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការប្រាស័្រយទាក់ទងគ្នា និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ដែលមកពី ១២ ប្រទេស នៃតំបន់ភាគខាងត្បូង។

វគ្គសិក្ខាសាលានេះបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ បន្ទាប់ពីប្រតិភូកម្ពុជាទាំង ៧ រូប បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង។ ពិធីបើកផ្លូវការត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកស្រី Zhou Jihong អគ្គនាយិកានៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលវិទ្យុ និងទូរទស្សន៍ជាតិចិន (NRTA) រួមជាមួយ លោក He Dongbo អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសផ្សព្វផ្សាយអន្តរជាតិ (CBIC)។

នៅក្នុងឱកាសនោះ លោក ជួន ចាន់ភារុណ បានចែករំលែកចំណាប់អារម្មណ៍ផ្ទាល់ខ្លួនជុំវិញទម្រង់នៃការសិក្សានេះថា៖

«សិក្ខាសាលានេះ ខ្ញុំសង្កេតឃើញថា គេបានបង្ហាញពាក់ព័ន្ធទ្រឹស្តី ផ្សាភ្ជាប់នឹងការអនុវត្ត ដោយខ្ញុំសង្ឃឹមថា មន្ត្រីនៃប្រទេសកម្ពុជាយើង នឹងយកបទពិសោធន៍ ដែលយើងសិក្សាយកទៅអនុវត្តផ្ទាល់ ក្នុងស្ថាប័នរបស់ខ្លួន»។

លោកបានបន្ថែមថា ទំនាក់ទំនងដែលបង្កើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនេះ នឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការជួយឱ្យសិក្ខាកាមទាំងអស់យល់ដឹងកាន់តែស៊ីជម្រៅពីគ្នាទៅវិញទៅមក ជាពិសេសលើកិច្ចការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

គួរបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា បានចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញចំនួន ៧ រូប ដើម្បីចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ សមាសភាពគណៈប្រតិភូដែលចូលរួមមានដូចជា លោក ជួន ចាន់ភារុណ ជាអគ្គនាយករង, លោក ស្រី វ៉ានធា ជាអគ្គនាយករង, លោក លី ចន្ថា ជាអគ្គនាយករង, លោក ហុក សុខរិន ជាប្រធាននាយកដ្ឋាន, លោក ប៉ែន សុខុម ជាប្រធាននាយកដ្ឋាន, លោក កែវ ផាន់ណាន ជាប្រធានការិយាល័យ និងលោក ខាត់ ទេវីន ជាប្រធានការិយាល័យ៕

Khcct banner

អត្ថបទទាក់ទង