ភ្នំពេញ៖ ហាងលក់ និងចែកចាយត្រីក្លាសេយីហោ «ចរណៃ» ត្រូវបានអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សម្រេចផាកពិន័យជាប្រាក់ពី ១០ ទៅ ២០លានរៀល ក្រោយរកឃើញថាបានធ្វើអាជីវកម្មបន្លំ និងធ្វើឱ្យអ្នកប្រើប្រាស់ភាន់ច្រឡំរវាងត្រីសាម៉ុន (Salmon) និងត្រីត្រោត (Trout) ដែលជាការរំលោភលើច្បាប់សុវត្ថិភាពម្ហូបអាហារ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ដោយអនុវត្តតាមតួនាទី និងភារកិច្ច មន្ត្រីអធិការកិច្ចម្ហូបអាហារ បានចុះត្រួតពិនិត្យទំនិញនៅហាងយីហោ «ចរណៃ» ដែលជាកន្លែងចែកចាយត្រីក្លាសេ និងទំនិញម្ហូបអាហារធំមួយ។ ជាលទ្ធផល ក្រុមការងារបានរកឃើញល្មើសជាក់ស្តែង ដែលអំពើនេះគឺខុសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។
ចំពោះវិធានការច្បាប់ និងការផាកពិន័យ ហាងយីហោ «ចរណៃ» ត្រូវបានរកឃើញថា បានរំលោភលើមាត្រាទី៣៨ នៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំ ឬធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រឡំលើមុខទំនិញ។ ផ្អែកលើបទល្មើសនេះ មន្ត្រីជំនាញបានសម្រេចអនុវត្តទណ្ឌកម្មពិន័យអន្តរការណ៍ជាទឹកប្រាក់ចន្លោះពី ១០លាន ទៅ ២០លានរៀល ទៅតាមច្បាប់កំណត់ជាធរមាន។
ក្រៅពីការផាកពិន័យ មន្ត្រីអធិការកិច្ចក៏បានបង្គាប់ឱ្យតំណាងម្ចាស់ហាងចរណៃ ធ្វើការកែតម្រូវជាបន្ទាន់នៅគ្រប់ទីតាំងលក់ទាំងអស់ ទាំងក្នុងរាជធានី និងតាមបណ្តាខេត្ត។ ហាងត្រូវតែលើកស្លាកសញ្ញាបញ្ជាក់ពីតម្លៃ ប្រភេទត្រីឱ្យបានច្បាស់លាស់ និងត្រូវដាក់តាំងផលិតផលទាំងពីរប្រភេទនេះដាច់ដោយឡែកពីគ្នា ដើម្បីធានាថាអ្នកប្រើប្រាស់ទទួលបានព័ត៌មានពិត និងមានសិទ្ធិជ្រើសរើសដោយមិនមានការភាន់ច្រឡំទៀតឡើយ។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថានឹងបន្តអនុវត្តតួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងធានាឱ្យមានការប្រកួតប្រជែងលើទីផ្សារដោយសុចរិត។ ជាមួយគ្នានោះដែរ ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ ឱ្យចូលរួមសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើដែលប៉ះពាល់ដល់សិទ្ធិអ្នកប្រើប្រាស់ ឬសុវត្ថិភាពម្ហូបអាហារ តាមរយៈលេខទូរស័ព្ទ Hotline របស់ក្រសួងពាណិជ្ជកម្ម៖ ១២៦៦ ដោយក្តីអនុគ្រោះ៕