Img 1426
Swift cc time

កម្ពុជាបើកច្រកដឹកជញ្ជូន«កសិផល»ទៅកាន់ទីផ្សារចិនឆ្លងកាត់តាមឡាវដោយចំណាយពេលត្រឹមតែ១សប្តាហ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា-ឡាវ នៅថ្ងៃទី ២២ មិថុនានេះ បានសម្ពោធបើកច្រកដឹកជញ្ជូនថ្មី ដើម្បីសម្របសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន។ 

ក្រុងវៀងចន្ទន៍៖រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា-ឡាវ នៅថ្ងៃទី ២២ មិថុនានេះ បានសម្ពោធបើកច្រកដឹកជញ្ជូនថ្មី ដើម្បីសម្របសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ដោយច្រកថ្មីនេះ នឹងជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ និង ពេលវេលាដឹកជញ្ជូនពី ១៥ ទៅ ២០ថ្ងៃ មកសល់ត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ។នេះបើយោងតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។

ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍ ហើយព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុន។

លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បានថ្លែងចាត់ទុកការបើកច្រកថ្មីនេះ គឺសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និង ការចរចាយ៉ាងសកម្មកន្លងមកនេះ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្មនិងបរិស្ថានឡាវ។លោកថា ច្រកថ្មីនេះ គឺសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខ ទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និង ទុរេន។

បើតាមលោក ឌិត ទីណា បានសង្កត់ធ្ងន់ថា នេះជាសញ្ញាណវិជ្ជមាន និង ជាកាលានុវត្តភាពថ្មីស្រឡាង សម្រាប់ប្រជាកសិករ ក៏ដូចជាម្ចាស់អាជីវកម្ម ក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និង ពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។

ចំណែកលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងថា ច្រកថ្មីនេះនឹងជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងពេលវេលាដឹកជញ្ជូនពី ១៥ ទៅ ២០ថ្ងៃ មកសល់ត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ដែលជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ការដឹកជញ្ជូនកសិផលស្រស់។

គួរបញ្ជាក់ថា  ក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្ម និងបរិស្ថានឡាវ ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ការដឹកជញ្ជូនផលិតផល កសិកម្មឆ្លងកាត់ប្រទេសឡាវ»។វិសាលភាពនៃការដឹកជញ្ជូននឹងគ្របដណ្តប់លើបន្លែ និង ដំណាំទាំងស្រស់និង ស្ងួត រួមមាន៖ ចេក ទុរេន មៀន អង្ករ ស្វាយ ម្សៅដំឡូងមី និង ផលិតផលកសិកម្មសក្តានុពលផ្សេងទៀតដែលភាគី ទាំងពីរនឹងឯកភាពគ្នានាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង