ភ្នំពេញ៖ ក្រុមភ្ញៀវទេសចរចិន មកពីទីក្រុងក្វាងចូវ បានធ្វើដំណើរមកកម្ពុជាសម្រាប់ដំណើរកម្សាន្តរយៈពេល ៥ ថ្ងៃ ដែលរៀបចំដោយក្រុមហ៊ុន GZL International Travel ។ ដំណើរកម្សាន្តនេះ កើតមានបន្ទាប់ពីប្រទេសកម្ពុជា ចាប់ផ្តើមអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ពលរដ្ឋចិន រយៈពេល៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងដំណើរកម្សាន្តនេះ ក្រុមទេសចរចិនទាំងអស់នោះ បានសម្តែងការពេញចិត្តពេលចូលមកកម្ពុជា ដោយសារភាពងាយស្រួលជាងមុន។
មុនពេលអនុវត្តគោលនយោបាយ Free Visa ភ្ញៀវទេសចរចិនត្រូវដាក់ពាក្យសុំទិដ្ឋាការ ដោយប្រគល់លិខិតឆ្លងដែនដើម និង ឯកសារពាក់ព័ន្ធផ្សេងៗ បង់ថ្លៃទិដ្ឋាការប្រមាណ ៣០០ យ័នក្នុងម្នាក់ និង រង់ចាំការអនុម័តរយៈពេលពី១ ទៅ ៣ ថ្ងៃធ្វើការ។តែបច្ចុប្បន្ន ក្រោមគោលនយោបាយលើកលែងទិដ្ឋាការ ភ្ញៀវទេសចរត្រូវការតែរូបថតទំព័រដំបូងនៃលិខិតឆ្លងដែន ខណៈភ្នាក់ងារទេសចរណ៍ អាចជួយបំពេញបែបបទ E-Arrival Card តាមប្រព័ន្ធអនឡាញ ធ្វើឱ្យនីតិវិធីចូលប្រទេសកាន់តែងាយស្រួល និង អាចរៀបចំដំណើរកម្សាន្តបានយ៉ាងឆាប់រហ័ស។
យោងតាមក្រុមហ៊ុនទេសចរណ៍ ក្រុមភ្ញៀវទេសចរចិនដំបូងចូលរួម ក្នុងកម្មវិធី «សប្បាយរីករាយនៅកម្ពុជា ៥ ថ្ងៃ» ភាគច្រើនជាមនុស្សចូលនិវត្តន៍ និង អ្នកជំនាញឯករាជ្យ។ កត្តាសំខាន់ទាក់ទាញពួកគេ គឺភាពងាយស្រួលនៃគោលនយោបាយលើកលែង ទិដ្ឋាការ និង កញ្ចប់ទេសចរណ៍មានតម្លៃសមរម្យ មិនបង្ខំឱ្យទិញទំនិញបន្ថែម។
កម្មវិធីទេសចរណ៍នេះ រួមមានការទស្សនាតំបន់ទេសចរណ៍សំខាន់ៗនៅកម្ពុជា ដូចជា ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប និងរាជធានី ភ្នំពេញ ជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរបរទេស៕