ភ្នំពេញ៖ កម្ពុជា និងជប៉ុន នៅថ្ងៃទី២២មិថុនានេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ឥណទានសម្បទាន ប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ២៤.២៣៧ លានយ៉េន (ប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធ រំដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ២៤.២៣៧ លានយ៉េន (ប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធ រំដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។
បើតាមសេចក្តីប្រកាសព័ត៌មាន គម្រោងនេះមានគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងកាត់បន្ថយការ ខូចខាតដោយគ្រោះទឹកជំនន់ តាមរយៈការស្ដារ និងកែលម្អប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកដែលមាន ស្រាប់ នៅច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ។
សូមជម្រាបថា ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕