Img 1426
Swift cc time

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងកាហ្សាន៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ជាពិសេសលើវិស័យពាណិជ្ជកម្ម។ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។

នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) និងកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះ សម្ដេច ហុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព EAEU ជាពិសេសលើវិស័យពាណិជ្ជកម្ម និងបានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា។

សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា មិនមែនសំដៅតែលើទីផ្សារកម្ពុជាដាច់ដោយឡែកនោះទេ ប៉ុន្តែកម្ពុជាគឺជាច្រកទ្វារដ៏សំខាន់ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀង FTA ទ្វេភាគីនានាដែលកម្ពុជាមានស្រាប់, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាទីផ្សារអាស៊ានជាដើម។ ក្នុងន័យនេះ, ការសម្រេចបាននូវកិច្ចព្រមព្រៀង FTA ជាមួយកម្ពុជា នឹងក្លាយជាកាលានុវត្តភាពសម្រាប់សហភាព EAEU ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់តំបន់ផ្សេងៗទៀតយ៉ាងទូលំទូលាយ។

ភាគីទាំងពីរយល់ស្របគ្នាថា កម្ពុជា និងសហភាព EAEU មានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀតដែលភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងន័យនេះ ការឈានទៅសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នាពេលខាងមុខ នឹងជួយជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និង សហភាព EAEU ឱ្យកាន់តែធំធេង និង ប្រសើរឡើង៕


Khcct banner

អត្ថបទទាក់ទង