ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្នែកត្រាក់ទ័រដែលបម្រើដល់វិស័យកសិកម្មកម្ពុជា និងជំរុញឱ្យមានជើងហោះហើរត្រង់ជាមួយកម្ពុជា ដើម្បីបង្កើនលំហូរទេសចរ និងវិនិយោគរវាងគ្នា។ ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះ សម្ដេច ហ៊ុន សែន បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អជាមួយគ្នារវាងប្រទេសទាំងពីរ ហើយសង្ឃឹមថា ក្នុងបេសកកម្មរបស់លោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងបេឡារុស កាន់តែរឹងមាំបន្ថែមទៀត។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតបេឡារុស បានលើកឡើងថា កម្ពុជា និងបេឡារុសមានគោលដៅស្រដៀងគ្នា ដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង ខណៈបេឡារុស កំពុងមានការចាប់អារម្មណ៍ទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្នែកត្រាក់ទ័រ ដែលបម្រើដល់វិស័យកសិកម្មតែម្ដង។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតរូបនេះក៏ចង់ជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរណ៍នៃប្រទេសទាំងពីរ ក៏អាចទៅទស្សនាបេឡារុស ហើយប្រជាជនបេឡារុសក៏អាចមកទស្សនានៅកម្ពុជាបាន។ បន្ថែមលើសពីនេះ លោកក៏បានរំលេចផងដែរអំពីការបង្កើនអាហារូបករណ៍ ជាពិសេសការផ្លាស់ប្ដូរនូវនិស្សិតរវាងកម្ពុជា និងបេឡារុសឲ្យមានការកើនឡើងបន្ថែមទៀត។
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថាប្រទេសទាំងពីរត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងទៅនឹងវិស័យការពារជាតិ និងវិស័យនានាទៀតដែលធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕