ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំកិច្ចពិភាក្សាបន្ទាន់ ស្តីពី«ការស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី» ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានលើបរិយាកាសធុរកិច្ច សង្វាក់ផលិតកម្ម និងការងាររបស់កម្មករ ជានិយោជិត បណ្តាលមកពីវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញដែលខ្វះអនុលោមភាពច្បាប់របស់អាជ្ញាធរមានសម្ថកិច្ច។
កិច្ចពិភាក្សាការងារបន្ទាន់នេះបានពិភាក្សា និងស្តាប់អំពីបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងសកម្មភាពការធ្វើពាណិជ្ជកម្ម និងការវិនិយោគនានា។ គោលបំណងនៃការរៀបចំកិច្ចពិភាក្សាផ្ទៃក្នុងបន្ទាន់មួយ ដើម្បីប្រមូលព័ត៌មាន កត់ត្រារាល់ក្តីកង្វល់ និងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រជូនវិស័យឯកជន។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបញ្ចៀសផលប៉ះពាល់អវិជ្ជមានលើបរិយាកាសធុរកិច្ច សង្វាក់ផលិតកម្ម និងការងាររបស់កម្មករ-ជានិយោជិត បណ្តាលមកពីវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញដែលខ្វះអនុលោមភាពច្បាប់របស់អាជ្ញាធរមានសម្ថកិច្ច។
អង្គប្រជុំក៏បានលើកឡើងពីផលប៉ះពាល់មួយចំនួនដូចជា ផលប៉ះពាល់លើសង្វាក់ផលិតកម្ម៖ វិធានការចុះផ្អាក ឬបិទឃ្លាំងទំនិញស្របច្បាប់របស់អាជ្ញាធរដែនដី បានបង្កការរំខានធ្ងន់ធ្ងរដល់រោងចក្រ និងសហគ្រាសក្នុងស្រុក (SMEs) ដែលត្រូវការវត្ថុធាតុដើមចាំបាច់ សម្រាប់ចង្វាក់ផលិតកម្មប្រចាំថ្ងៃ។ វិបត្តិហិរញ្ញវត្ថុអាជីវកម្ម៖ ការផ្អាកផលិតកម្មបណ្តាលឱ្យធុរជនបាត់បង់ចំណូលភ្លាមៗ និងប្រឈមនឹងការខ្វះលទ្ធភាពសងបំណុលធនាគារ។
ជាមួយគ្នានេះ អង្គប្រជុំកត់សម្គាល់ឃើញថា ករណីចុះត្រួតពិនិត្យមួយចំនួនធ្វើឡើងដោយខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមសម្របសម្រួលបច្ចេកទេសពីមន្ត្រីគយជំនាញ។ ការផ្សព្វផ្សាយរូបភាពបង្ក្រាបលក្ខណៈខ្លីៗលើបណ្តាញសង្គម បានបង្កការភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថិរភាពការវិនិយោគ និងទំនុកចិត្តក្នុងការវិនិយោគ។
អង្គប្រជុំឯកភាពថា រាល់ការដោះស្រាយត្រូវតែផ្អែកលើការគោរព និងអនុវត្តច្បាប់ជាធរមាន ដោយត្រូវបែងចែកឱ្យដាច់រវាងទំនិញថៃនាំចូលដោយខុសច្បាប់ ឫ ទំនិញគេចពន្ធ និងទំនិញនាំចូលឫទំនិញដែលជាវត្ថុធាតុដើមផលិតកម្មស្របច្បាប់។ ជាមួយគ្នានេះ អង្គប្រជុំស្នើសុំកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយ ក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងរក្សាស្ថិរភាពសេដ្ឋកិច្ច៕