ភ្នំពេញ៖ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក៏ដូចជាមានការចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតំណាងវិស័យឯកជន។
នាឱកាសនេះ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ហៅកាត់ថាកម្មវិធីCCFFគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាកម្មវិធីថ្នាក់ជាតិដំបូងគេនៅអាស៊ីសម្រាប់វិស័យឯកជន ដែលទទួលបានមូលនិធិគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) មានទំហំមូលនិធិសរុបប្រមាណ ១០៩ លានដុល្លារអាម៉េរិក ដែលក្នុងនោះឥណទានចំនួន ៥០ លានដុល្លារអាម៉េរិក និងជំនួយបច្ចេកទេសចំនួន ៥ លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ដោយមូលនិធិ GCF ហើយហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាម៉េរិកទៀត បានផ្តល់ដោយដៃគូហិរញ្ញប្បទាននានា ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
លោកបណ្ឌិតបន្ថែម កម្មវិធី CCFF មានគោលបំណងសំខាន់ក្នុងការបង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថា ពិធីនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលមានគោលបំណងរួមចំណែកកាត់បន្ថយហានិភ័យអាកាសធាតុ តាមរយៈការផ្តល់ឥណទានដែលមានអត្រាការប្រាក់សម្បទាន និងរយៈពេលវែងដល់ម្ចាស់អាជីវកម្មបៃតង ព្រមទាំងការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក ដើម្បីគាំទ្រដល់វិស័យអាទិភាពចំនួន ៥ រួមមាន៖១. ថាមពលកកើតឡើងវិញ ២. ថាមពលប្រកបដោយប្រសិទ្ធភាព ៣. កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី ៤. ប្រព័ន្ធធារាសាស្ត្រ ៥. ការដឹកជញ្ជូនដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប៕