Cctimesw1140xh150cm copy

សុន្ទរក​ថាលោកShenHaixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្នុងឱកាសឆ្នាំថ្មី២០២១

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន

ចិន៖ ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានឆ្លងតាមរយៈរលកអាកាសនិងបណ្តាញអ៊ីនធើណេត ថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២១ចំពោះប្រិយមិត្តរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅទូទាំងពិភពលោក ។ សុន្ទរកថាមានខ្លឹមសារដូចខាងក្រោម៖

ប្រិយមិត្តជាទីមេត្រី៖

ឆ្នាំ២០២១ដែលមានក្តីសង្ឃឹមបានមកដល់ហើយ ឆ្នាំថ្មីនេះក៏ជាឆ្នាំឆ្លូវតាមចន្ទគតិចិន ។ សត្វគោ ជាសត្វដែលមនុស្សយើងចិញ្ចឹមមុនគេបង្អស់ មានគុណបំណាច់ក្នុងអរិយធម៌កសិកម្ម ។ ដូច្នេះ ប្រជាជនចិនយល់ថា សត្វគោមិនខ្លាចការនឿយហត់ហើយមានកម្លាំងមាំមួន ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមជូនពរលោកអ្នករីករាយឆ្នាំថ្មី នឹងមានសុខភាពល្អបរិបូរណ៍ !

ឆ្នាំ២០២០ដែលទើបតែកន្លងផុតទៅ ជាឆ្នាំមិនធម្មតាទេ ។ ក្នុងឆ្នាំនេះ ពិភពលោកមានការលំបាកនិងឧបសគ្គជាច្រើន ។ ការរីករាលដាលនៃជំងឺកូវីដ១៩ដែលស្រាប់តែផ្ទុះឡើង បានវាយប្រហារសង្គមមនុស្សជាតិទាំងមូល ។ ក្រោមការបញ្ជាការដោយផ្ទាល់របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន និងការខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ប្រទេសចិនទទួលបានសមិទ្ធផលសំខាន់ជាដំណាក់កាល ។ ប្រទេសចិនក៏បានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់នៅលើពិភពលោកដែលបានសម្រេចកំណើនវិជ្ជមាន !

បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលនៅប្រទេសជាច្រើននៅលើពិភពលោកដដែល ។ សង្ឃឹមថា ពួកយើងអាចឆ្លងផុតភាពលំបាកក្នុងពេលឆាប់ៗ និងសូមជូនពរមនុស្សគ្រប់រូបឱ្យមានសុខភាពល្អបរិបូរណ៍ !

ក្នុងនាមជាអ្នកសារព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាននិងផ្សព្វផ្សាយអំពីការពិតជាភារកិច្ចរបស់ពួកយើង ។ ខណៈពេលជំងឺកូវីដ១៩រីករាលដាលដំបូង សហការីជាង២ពាន់នាក់របស់ខ្ញុំ ក៏បាន ប្រញាប់ធ្វើដំណើរទៅកាន់ជួរមុខដែលមានការរីករាលដាលជំងឺឆ្លងនៅប្រទេសចិន ។ អ្នកសារព័ត៌មានបានផ្សាយព័ត៌មានផ្ទាល់ពី “តំបន់ក្រហម”នៃបន្ទប់ព្យាបាលករណីឆ្លង ការផលិតភាពយន្តឯកសារជាច្រើនភាសាដូចជា « រួមចិត្តរួមថ្លើមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ »ជាដើម បានបង្ហាញដោយសត្យានុម័តជូនចំពោះពិភពលោកនូវសភាពការណ៍ជាក់ស្តែងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ចិន ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផលិតកម្មវិធីសន្ទនាមតិស្តីពី «ការពិគ្រោះពិភាក្សាពីការរីករាលដាលនៃជំងឺឆ្លងនៅទូទាំងពិភពលោក» ដោយបានអញ្ជើញអ្នកជំនាញវេជ្ជសាស្ត្រនៃប្រទេសជាច្រើនឱ្យចូលរួមពិគ្រោះពិភាក្សា និងចែករំលែកបទពិសេធន៍របស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រចិននៅជួរមុខព្យាបាលរោគ ។ យើងបានយកបទសម្ភាសន៍ផ្តាច់មុខជាមួយលោក Richard Horton និពន្ធនាយកនៃទស្សនាវដ្តីវេជ្ជសាស្ត្រ « The Lancet » និងលោក Peter Forster ប្រធានអ្នកនិពន្ធនៃរបាយការណ៍ស្តីពីការបម្លែងពូជនៃវីរុសកូវីដ១៩របស់សកលវិទ្យាល័យ Cambridge ជាដើម ដើម្បីច្រានចោលពាក្យចចាមអារ៉ាមគ្រប់បែបយ៉ាងពាក់ព័ន្ធជំងឺកូវីដ១៩តាមរយៈរឿងពិតនិងភស្តុតាងវិទ្យាសាស្ត្រ ។

ឆ្នាំ២០២០ដែលទើបតែកន្លងផុតទៅ ក្នុងសង្គមមនុស្សមានមនោសញ្ចេតនាពិតប្រាកដ ។ កាលពីជាង៩រយឆ្នាំមុន លោក Zhang Zai ទស្សនវិទូនៅរជ្ជកាលSong នៃប្រទេសចិនធ្លាប់និយាយពាក្យមួយឃ្លា ដែលមានន័យថា ភាពក្រីក្រនិងការឈឺចាប់អាចលត់ដំឆន្ទៈមនុស្សយើង និងអាចជួយយើងឱ្យទទួលបានជោគជ័យ ។ ក្នុងគ្រាលំបាក យើងអាចទទួលបានភាពកក់ក្តៅនិងមនោសញ្ចេតនាពិតប្រាកដ ហើយចាប់អារម្មណ៍យ៉ាងជាក់លាក់ពីខ្លឹមសារនៃសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ។ ឆ្លងតាមរយៈការប្រយុទ្ធប្រឆាំងលើកនេះ យើងមានការយល់ដឹងយ៉ាងជ្រាលជ្រៅថា ប្រឈមនឹងបញ្ហាប្រឈមរួមដូចជាជំងឺឆ្លងជាដើម ឱ្យតែមនុស្សយើងចាប់ដៃគ្នានិងតស៊ូប្រយុទ្ធជាមួយគ្នា នឹងអាចយកឈ្នះលើឧបសគ្គទាំងនេះ ។

ជំងឺកូវីដ១៩បានរារាំងការផ្លាស់ប្តូរទល់មុខគ្នារបស់យើង ប៉ុន្តែបានធ្វើឱ្យដួងចិត្តរបស់យើងកាន់តែជិតស្និទ្ធ ។ ក្នុងរយៈពេលមួយឆ្នាំ ខ្ញុំនិងអ្នកទទួលខុសត្រូវនៃប្រព័ន្ធសារព័ត៌មានអន្តរជាតិដូចជាក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ី កាសែតរុស្ស៊ី BBC CNN AP Reuters ទីភ្នាក់ងារសារព័ត៌មានបារាំង ក្រុមហ៊ុនផ្សព្វផ្សាយជប៉ុន ក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍អ៊ីតាលី និងសម្ព័ន្ធវិទ្យុអឺរ៉ុប ព្រមនិងឯកអគ្គរដ្ឋទូតប្រទេសជាច្រើនប្រចាំនៅប្រទេសចិនជាដើម បានផ្ញើសារលិខិតទៅវិញទៅមកជិត៣រយលើក ដើម្បីសួរសុខទុក្ខ ឬឈានដល់គំនិតឯកភាពរួម ។ ដោយឡែក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងស្ថាប័នសារព័ត៌មាននៃប្រទេសអឺរ៉ុបនិងអាមេរិកឡាទីនជាង១រយស្ថាប័ន បានធ្វើការពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការនិងចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងតាមរយៈ “វេទិកាអនឡាញ” ដោយបង្កើតយន្តការសហប្រតិបតិ្តការជាមួយប្រព័ន្ធសារព័ត៌មានជាច្រើន បានរួមគ្នាផលិតភាពយន្តឯកសារ «គន្លងប្រវតិ្តសាស្ត្រ» និង « កំណប់ទ្រព្យចិន »ជាដើម ក្នុងន័យផ្តល់កម្លាំងចិត្តដល់អ្នកផងទាំងពួងដែលស្ថិតនៅក្រោមស្រមោលខ្មៅនៃជំងឺឆ្លង ។

ភាពក្រីក្រគឺបីដូចជាជំងឺឆ្លងដែលពិបាកដោះស្រាយក្នុងសង្គមមនុស្ស ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា “ការលុបបំបាត់ភាពក្រីក្រ ជាសុបិនរបស់មនុស្សជាតិតាំងពីបូរាណកាលមក ជាសិទ្ធិមូលដ្ឋានរបស់ប្រជាជននៃបណ្តាប្រទេសនានាក្នុងការស្វែងរកជីវភាពដែលមានសុភមង្គល ” ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រជាទូទៅ ។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេល៨ឆ្នាំ ប្រជាជនចំនួនជាង១រយលាននាក់បានបម្រះខ្លួនចេញពីភាពក្រីក្រ ប្រទេសចិនបានបង្កើតភាពអច្ឆរិយក្នុងប្រវត្តិសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ ។

ក្នុងនាមជាអ្នកកត់ត្រានៃប្រវតិ្តសាស្ត្រសំខាន់មួយនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយភាពយន្តឯកសារជាច្រើនភាសាដែលសហការផលិតដោយចិននិងអាមេរិក ដែលមានចំណងជើងថា «ការយកឈ្នះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្ររបស់ចិន » និងផលិតកម្មវិធីពិសេសមួយចំនួន ដូចជា «គំនិតផ្តួចផ្តើមពីប្រតិបតិ្តទូទាំងពិភពលោកឆ្នាំ២០២០-ការលុបបំបាត់ភាពក្រីក្រ »ជាដើម ។ យើងសង្ឃឹមថា ឆ្លងតាមរយៈការកត់ត្រាការងារជាក់ស្តែងលើវិស័យលុបបំបាត់ភាពក្រីក្ររបស់ភូមិនីមួយៗនិងគ្រួសារនីមួយៗនៃប្រទេសចិន អាចផ្តល់ជាបទពិសោធន៍ដល់ប្រទេសនិងប្រជាជនដែលបាននិងកំពុងខំប្រឹងប្រែងបម្រះខ្លួនចេញពីភាពក្រីក្រ ។

ស្របនឹងពេលបំពេញភារកិច្ចជាប្រព័ន្ធសារព័ត៌មាន យើងក៏បានបន្តស្វែងរកការបង្កើតជាប្រព័ន្ធសារព័ត៌មានចម្រុះ ក្នុងបរិបទសម័យអ៊ីនធឺណែត ក្នុងគោលបំណងក្លាយជាប្រព័ន្ធសារព័ត៌មានបែបថ្មីនិងឈានមុខលើផ្ទៃអន្តរជាតិ ។ យើងបានប្រើប្រាស់បច្ចេកវិទ្យា 5G+4K/8K+AI ដើម្បីផ្សាយផ្ទាល់នូវសកម្មភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសសំខាន់ៗ ដូចជាយានអវកាស ChangE-5 ហោះហើរទៅកាន់ភពព្រះចន្ទដើម្បីប្រមូលយកសំណាកដី និងនាវាមុជទឹកឈ្មោះ “តស៊ូ” មុជចូលបាតសមុទ្រទឹកជ្រៅជាដើម ។ ក្នុងអំឡុងពេលពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី យើងបានរៀបចំសកម្មភាពលក់ដូរតាមអនឡាញ ដើម្បីឱ្យប្រជាជនអាចរកទិញបានផលិតផលគុណភាពខ្ពស់ ហើយបានជួយផលិតផលអឺរ៉ុបជាច្រើនឱ្យចូលក្នុងទីផ្សារចិន ព្រមទាំងដាក់លក់តាមអនឡាញ ។

ខ្ញុំសម្គាល់ឃើញថា ការពិតគឺជាជីវិតរបស់ប្រព័ន្ធសារព័ត៌មាន ។ ដំណឹងអាចជឿទុកចិត្តបាន ព័ត៌មានផ្លូវការបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវនិងក្រមសីលធម៌វិជ្ជាជីវៈរបស់ប្រព័ន្ធសារព័ត៌មាន ។ ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្តាយ ពេលផ្សាយព័ត៌មានអំពីប្រទេសចិន ប្រព័ន្ធសារព័ត៌មានមួយចំនួនបានប្រើភាពលំអៀងមកជំនួសភាពយុតិ្តធម៌ ប្រើពាក្យចចាមអារ៉ាមមកមួលបង្កាច់ការពិត ។ មិនថាពេលផ្សាយព័ត៌មានអំពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ឬមួយក៏អំពីហុងកុងនិងស៊ីនជាំងជាដើម សុទ្ធតែបានលេចចេញព័ត៌មានខុសឆ្គង រហូតដល់ការប្រើពាក្យញុះញង់បង្កហេតុទៀតផង ទាក់ទិននឹងរឿងនេះ យើងបានធ្វើការឆ្លើយតបដោយទាន់ពេលវេលា ក្នុងន័យលាតត្រដាងពីការពិត ។ ទស្សនៈប្រហែលមានភាពខុសគ្នា តែការពិតគឺមានតែមួយគត់ ។ ក្នុងឆ្នាំថ្មីនេះ អ្នកសារព័ត៌មាននៅទូទាំងពិភពលោកគួរតែរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន ក្នុងន័យធ្វើឱ្យមជ្ឈដ្ឋានមតិអន្តរជាតិមានពាក្យភូតកុហកកាន់តែតិចទៅៗ ។

នៅអឺរ៉ុបមានពាក្យមួយឃ្លានិយាយថា ៖ អ្នកមានសច្ចធម៌នឹងមានមិត្តភក្តិកាន់តែច្រើនឡើងៗ ។ ក្នុងឆ្នាំថ្មីនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តបំពេញទំនួលខុសត្រូវជាប្រព័ន្ធសារព័ត៌មានសំខាន់លំដាប់អន្តរជាតិតទៅទៀត ប្រកាន់ខ្ជាប់គោលជំហរសត្យានុម័តនិងយុត្តិធម៌ ដើម្បីផ្សព្វផ្សាយពីការពិត បញ្ចេញសំឡេងយុតិ្តធម៌និងបញ្ជូនអរិយធម៌ដ៏ល្អបវរទៅកាន់ពិភពលោកទាំងមូល ។

ឆ្នាំ២០២១ ជាខួបទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ចាប់ពីពេលដែលទើបបង្កើតបក្សកុម្មុយនិស្តដែលមានតែសមាជិក១៣រូបកាលពី១រយឆ្នាំមុន រហូតដល់មានសមាជិកចំនួនជាង៩០លាននាក់នាពេលបច្ចុប្បន្ននេះ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រទេសចិនសម្រេចបាននូវការងើបឡើងវិញដោយសន្តិភាព តើលេខសម្ងាត់ទទួលបានជោគជ័យរបស់បក្សកុម្មុយនិស្តគឺជាអ្វី ? ហេតុអ្វីបានជាប្រជាជន១ពាន់៤រយលាននាក់គាំទ្របក្សមួយនេះដល់ថ្នាក់ហ្នឹង? ចម្លើយនេះគឺជាខ្លឹមសារសំខាន់មួយនៃការងារផ្សព្វផ្សាយនិងយកបទសម្ភាសន៍របស់យើងក្នុងឆ្នាំថ្មីនេះ ។ យើងនឹងប្រកាន់ខ្ជាប់ស្មារតីវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានចិននិងពិភពលោកដោយសត្យានុម័តនិងគ្រប់ជ្រុងជ្រោយ ដើម្បីផលិតកម្មវិធីដ៏ឆ្នើមកាន់តែច្រើនជូនប្រិយមិត្តគ្រប់រូប ។ ពន្លឺព្រះអាទិត្យឆ្នាំថ្មីមានភាពត្រចះត្រចង់ សូមជូនពរឆ្នាំឆ្លូវតាមចន្ទគតិចិនសូមឱ្យនាំមកនូវសំណាងល្អដល់អស់លោកអ្នក សូមជូនពរឆ្នាំថ្មី ម្តងទៀត!

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង