ទីក្រុងយ៉ាងហ្គូន៖ សមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា (UMTA) តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា និងមីយ៉ាន់ម៉ា។ សមិទ្ធផលនេះសម្រេចបានក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា (UMTA) នៅទីក្រុងយ៉ាងហ្គូន នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនេះ លោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា បង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជារមណីយដ្ឋានអង្គរ តំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍បែបសាសនា ដែលអាចទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ាមកទស្សនាកម្ពុជាកាន់តែច្រើននាពេលខាងមុខ។
ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីតួនាទីរបស់សមាគមក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹងការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយរួមគ្នា និងការតភ្ជាប់រវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។
តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) វេទិកាធុរកិច្ចទេសចរណ៍ (B2B Forum) និងការអភិវឌ្ឍកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ាប្រមាណ ៣៧.០០០នាក់។ ដោយឡែក ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៣លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ាជាង១០,០០០នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕