Img 1426
Swift cc time

CDC លើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េប្រតិបត្តិការក្នុងវិស័យសំណង់ គ្រឿងបង្គុំរថយន្ត និងថាមពល ឱ្យបង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

អ៊ីនឆ័ន៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុន Daejoo KC Group ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកូរ៉េ មានប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា វិស័យសំណង់ គ្រឿងបង្គុំរថយន្ត ថាមពល ភស្តុភារកម្ម ជាដើម។ ជាមួយគ្នានេះ CDCក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនមួយនេះឱ្យបង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការស្រាប់នៅក្នុងប្រទេសកូរ៉េ។

នាឱកាសទស្សនកិច្ចនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីកាលានុវត្តភាពថ្មីៗនៃកម្ពុជាជូនដល់គណៈគ្រប់គ្រងក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ពិចារណាលើការបង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនកំពុងតែមានប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េ។

ក្រុមហ៊ុន Daejoo KC Group ជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅសាធារណរដ្ឋកូរ៉េ ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៨៨ មានប្រតិបត្តិការក្នុងវិស័យផ្សេងដូចជា៖ ឧស្សាហកម្មលោហធាតុ គីមី ភស្តុភារកម្ម សំណង់ គ្រឿងបង្គុំរថយន្ត និងថាមពល។

ដោយឡែកនៅកម្ពុជា Daejoo KC Group មានប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២ រួមមាន៖ CAMKO MOTOR ជាក្រុមហ៊ុនដំឡើងរថយន្តម៉ាក Hyundai សម្រាប់ទីផ្សារក្នុងស្រុក, ផលិតខ្សែភ្លើងរថយន្ត (Wire Harness) សម្រាប់ការនាំចេញ ដែលបង្កើការងារជិត៥០០កន្លែង និង CAMKO INFRACORE ជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Hyundai និង KIA ពីសាធារណរដ្ឋកូរ៉េ ព្រមទាំងផ្តល់សេវាកម្មថែទាំ និងផ្គត់ផ្គង់គ្រឿងបន្លាស់ផងដែរ។

គួរបញ្ជាក់ថា នេះជាថ្ងៃទី២ នៃបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅក្នុងសាធារណរដ្ឋកូរ៉េ ដែលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group ដើម្បីសិក្សាស្វែងយល់អំពីសកម្មភាពប្រប្រតិបត្តិការ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពី លោក Joo Bong Park ប្រធានក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក និយោជិតជាច្រើនរូប៕


Khcct banner

អត្ថបទទាក់ទង