សេអ៊ូល៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េ (KCCI) ដើម្បីបង្ហាញពីឆន្ទៈរួមគ្នាក្នុងការបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងជំរុញកិច្ចសម្របសម្រួលនានា ដើម្បីប្រែក្លាយឱកាសធុរកិច្ច ទៅជាគម្រោងវិនិយោគជាក់ស្តែង សំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញទៅមក រវាងប្រទេសកម្ពុជា និងកូរ៉េ។ ជំនួបនេះ ត្រូវបានធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Yeo Han-koo រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ នៅទីស្នាក់ការកណ្តាលនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េ (KCCI) នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីការត្រៀមលក្ខណៈរួចជាស្រេចរបស់កម្ពុជា ក្នុងការផ្តល់នូវសេវាថែទាំគាំទ្រវិនិយោគ (Aftercare Services) ដែលកំពុងមានប្រតិបត្តិការ តាមរយៈការទទួលស្តាប់ និងស្វែងរកដំណោះស្រាយលើញ្ហាប្រឈមរបស់វិនិយោគិន ជាមួយយន្តការនានាដែលបានដាក់ចេញ ជាអាទិ៍រួមមាន៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។
លោកក៏បានបង្ហាញពីឆន្ទៈក្នុងការបន្តថែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីដែលមានតាំងពីដើមមក ព្រមទាំងបន្តគាំទ្រនិងជំរុញឱ្យសហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិសដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាពនិងឱកាសក្នុងការបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលផ្តល់នូវតម្លែបន្ថែមខ្ពស់។
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយលើការទាញយកផលប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅជាមួយលទ្ធផលជាផ្លែផ្កា ដោយភាគីទាំងពីរបានបង្ហាញនូវឆន្ទៈរួមក្នុងការបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងជំរុញកិច្ចសម្របសម្រួលនានាដើម្បីប្រែក្លាយឱកាសធុរកិច្ច ទៅជាគម្រោងវិនិយោគជាក់ស្តែង សំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ គឺព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕