Img 1426
Swift cc time

កសិដ្ឋានបណ្ដុះផ្សិតចំបើងមួយកន្លែងក្នុងស្រុកមុខកំពូល ផលិតផ្សិតចំបើងបានពី៦០-៩០គីឡូ ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារបោះដុំនៅភ្នំពេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កសិដ្ឋានមុខកំពូល (Mukompul Farm) ស្ថិតនៅតាមផ្លូវលំ (មេទឹកកើយ) ភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្នុងដើមឆ្នាំ២០២៦នេះ និងកំពុងតែដំណើរការបណ្តុះផ្សិតចំបើងនៅក្នុងរោងចំនួន៣០ខ្នង អាចផលិតផ្សិតចំបើងបានពី៦០-៩០គីឡូក្រាម ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារបោះដុំនៅភ្នំពេញ ក្នុងតម្លៃសមរម្យ។ ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមុខកំពូល ត្រូវបង្កើនផលិតភាពបន្ថែមទៀត ខណៈទីផ្សារក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់។

នាឱកាសចុះពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតចំបើងមួយនេះ លោកបណ្ឌិត កៅ ថាច បានចូលមើលផ្ទាល់ក្នុងរោងចំហុយវត្ថុធាតុដើម និងរោងបណ្តុះ ហើយក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមុខកំពូល ដែលកំពុងតែដាំដុះផ្សិតចំបើងសរីរាង្គនេះ ត្រូវបង្កើនផលិតភាពបន្ថែមទៀត ខណៈទីផ្សារក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់ ជាពិសេស ស្របពេលនិន្នាការគាំទ្រកាន់តែខ្លាំងចំពោះផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់កសិករខ្មែរសុទ្ធសាធ។

លោកបានណែនាំដល់កម្មករ និងអ្នកគ្រប់គ្រងកសិដ្ឋានមុខកំពូល ឱ្យខិតខំយកចិត្តទុកដាក់បណ្តុះ និងថែទាំផ្សិតឱ្យបានល្អត្រឹមត្រូវតាមក្បួនខ្នាតភូតគាមអនាម័យ ដើម្បីធានាបាននូវផលិតផលផ្សិតចំបើងសរីរាង្គ ដោយមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់។

គួរបញ្ជាក់ថា ច្រវាក់ផលិតកម្មបណ្តុះផ្សិតនៅក្នុងរោងទាំង៣០ខ្នងនេះ អាចផលិតបានផ្សិតចំបើងពី៦០ ទៅ៩០គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារលក់ដុំនៅរាជធានីភ្នំពេញ ក្នុងតម្លៃសមរម្យ ដែលអាចជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស ហើយបង្កើតផលិតផលកសិ-អាហារសម្រាប់ប្រជាជនកម្ពុជា។

អ្នកគ្រប់គ្រងកសិដ្ឋាននេះ ក៏បានបញ្ជាក់បន្ថែមថា កសិដ្ឋានមុខកំពូល គឺជាកសិដ្ឋានអេកូឆ្លាតវៃ ដែលផ្តោតលើកសិកម្មប្រកបដោយនិរន្តរភាព និងប្រើប្រាស់វត្ថុធាតុដើមនៅក្បែរៗកសិដ្ឋាន ឬប្រមូលពីតំបន់ជិតខាង ក្នុងគោលដៅកាត់បន្ថយកាកសំណល់កសិកម្ម នៅក្នុងសហគមន៍។ លើសពីនេះ វត្ថុធាតុដើមសម្រាប់បណ្តុះផ្សិត ដូចជាចំបើងជាដើម ក្រោយពីប្រើប្រាស់រួច ត្រូវបានកែច្នៃជាជីកំប៉ុសថែមទៀត គឺមិនមានអ្វីត្រូវបោះចោលជាកាកសំណល់ឡើយ៕


Khcct banner

អត្ថបទទាក់ទង