ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅវត្តមានរបស់គណៈប្រតិភូធុរជន ចិនទៀជីវពិភពលោក ប្រមាណ ៤០០រូប នៅកម្ពុជា និងបានចាត់ទុកវត្តមានរបស់គណៈប្រតិភូធុរ គឺដើរតួនាទីជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគនៅកម្ពុជា និង គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ឆ្នាំ២០២៦ ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនអន្តរជាតិ។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍យ៉ាងដូច្នេះ ធ្វើងឡើងក្នុងអញ្ជើញជាអធិបតី និង ថ្លែងសុន្ទរកថាក្នុង «កិច្ចប្រជុំទូលាយប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១» ដោយមានការអញ្ជើញចូលរួមពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និង ជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូធុរជនចិនទៀជីវ វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ៤០០នាក់ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។
បើតាមលោក ហួត ហាក់ បានចាត់ទុក មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ គ្រោងនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ និង ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដែលមហាសន្និបាតនេះត្រូវបានរៀបចំឡើងនៅក្រៅប្រទេសចិន។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពទាក់ទាញនៃវិស័យទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចិនឱ្យកាន់តែរឹងមាំ។
លោកបានបញ្ជាក់ថា កម្ពុជា នៅតែរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគិនបរទេស។ សរុបជារួម កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនពីជុំវិញពិភពលោក។
សូមជម្រាបជូនថា យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិនជាង ១,២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។ ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕