Img 1426
Swift cc time

រយៈពេល៥ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ ៤០ម៉ឺននាក់ ឈរលំដាប់ទី១នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ ៤០ម៉ឺននាក់ ជាចំនួនច្រើនជាងគេនិងស្ថិតនៅលំដាប់ទី១ក្នុងប្រទេសកម្ពុជា ខណៈភ្ញៀវទេសចរសរុបដែលកម្ពុជាទទួលបានក្នុងរយៈពេល៥ខែកន្លងទៅនេះមានប្រមាណ ១,៥ លាននាក់។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងមហាសន្និបាតធុរជនចិនទៀជីវ ពិភពលោក លើកទី១១ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ហើយព្រឹត្តិការណ៍ «មហាសន្និបាតធុរជនចិនទៀជីវ ពិភពលោក លើកទី១១» ដែលនឹងត្រូវរៀបចំនៅកម្ពុជា នាពេលខាងមុខនេះ គឺជាការបោះជំហាន និងការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ទំនាក់ទំនងស៊ីជ្រៅ និង ជិតស្និទ្ធ រវាងកម្ពុជា-ចិន ក៏ដូចជាចូលរួមអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដែលនឹងក្លាយជាចលករ យ៉ាងសំខាន់បន្ថែមទៀត ក្នុងការតភ្ជាប់វិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និង ទំនាក់ទំនង រវាងប្រជាជននៃប្រជាជាតិទាំងពីរ ដែលជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាន នូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិន។

ជាមួយគ្នានេះ លោក ហួត ហាក់ ក៏បានបញ្ជាក់ថា កម្ពុជាបានប្រកាសជាផ្លូវការ អំពីការដាក់ឱ្យអនុវត្តនូវគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន PRC ទោះជាមកពីប្រទេសណាក៏ដោយ អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។ គោលការណ៍នេះ នឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេលដ៏ខ្លីខាងមុខ ពោលគឺគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះ ជឿជាក់យ៉ាងមុតមាំថា គោលនយោបាយបើកចំហនេះ នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត នៅក្នុងអំឡុងពេលខាងលើ ដែលមហាគ្រួសារវិស័យ ទេសចរណ៍ បានប្រសិទ្ធនាមថា «រដូវកាលបៃតង»។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិន មានចំនួនប្រមាណជាង ១,២០០,០០០ (មួយលានពីរសែននាក់) កើនឡើងជិត ៤២% ស្ថិតនៅក្នុងលំដាប់លេខ២ នៃភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង