ភ្នំពេញ៖ លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៃកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) សម្ដែងនូវការអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ដែលជាបញ្ហាគំរាមកំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០។ ការអបអរនេះ ក្នុងឳកាសសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Eamonn Murphy និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១២ មិថុនានេះ នៅវិមានសន្តិភាព។
លោក Eamonn Murphy បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការពង្រឹងវិស័យសុខាភិបាល។ បន្ថែមពីនេះ លោក សម្ដែងនូវការអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ដែលឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ដែលជាបញ្ហាគំរាមកំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០។
សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិនៅក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។ សម្ដេចបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំលើកកម្ពស់វិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វេីឱ្យកាន់តែប្រសេីរឡេីងមូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ សម្ដេចបានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលជាច្រេីនក្នុងវិស័យសុខាភិបាលក្តី កម្ពុជានៅតែចាត់ទុកជំងឺអេដស៍ និងជំងឺឆ្លងនានា ជាហានិភ័យចម្បងចំពោះសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ច៕