បន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា បានចុះត្រួតពិនិត្យអាគារស្នាក់នៅចំនួន ២ទីតាំង រកឃើញមនុស្សស្នាក់នៅប្រមូលផ្តុំមិនរាយការណ៍ចំនួន ៩៤នាក់ និង សម្ភារវត្ថុតាងសង្ស័យបម្រើឲ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន។
ប្រតិបត្តិការនេះ ដឹកនាំប្រតិបត្តិការដោយឧត្តមសេនីយ៍ឯក អុី សុខឃី , ឧត្តមសេនីយ៍ឯក មួង សុធា, ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ តំណាងលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។
ក្រោយពិនិត្យទីតាំងខាងលើ សមត្ថកិច្ចរកឃើញថា ទីតាំងទី១ នៅចំណុចអគារមួយកន្លែង កម្ពស់៧ជាន់ ៣០បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្នុងនោះរកឃើញមានការស្នាក់នៅប្រមូលផ្តុំជនជាតិឥណ្ឌូនេស៊ី២០នាក់ (ស្រី២នាក់) រកមិនឃើញមានបទល្មើស បានប្រគល់ជូនអន្តោរប្ររវេសន៍ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវីធីបន្ត។ ចំណែកទីតាំងទី២ នៅចំណុចអគារមួយកន្លែង កម្ពស់៥ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចពិនិត្យរកឃើញមានការស្នាក់នៅប្រមូលផ្តុំនិងកំពុងធ្វើសកម្មភាពជាក់ស្តែងចំនួន៧៤នាក់ (ស្រី១៦នាក់) និងសម្ភារវត្ថុតាងមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យចំនួន៧៤នាក់ (ស្រី១៦នាក់) សមត្ថកិច្ចជំនាញកំពុងសាកសួរនិងស្រាវជ្រាវបន្ត៕