Img 1426
Swift cc time

កម្ពុជា-ចិន ឯកភាពគ្នាបង្កើនទំហំកសិ-ពាណិជ្ជកម្មលើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការបង្កើនទំហំកសិ-ពាណិជ្ជកម្មលើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ការប្ដេជ្ញានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកស្រី Zhong Jie អគ្គទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនៃជំនួប ភាគីកម្ពុជា-ចិន បានរំលេចអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការបង្កើនទំហំកសិ-ពាណិជ្ជកម្មលើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ការអភិវឌ្ឍន៍ធនធានមនុស្ស និងសមិទ្ធផលក្នុងការចូលរួមកសាងមន្ទីរពិសោធន៍ជាតិសិត្បូ ដែលបម្រើឱ្យផលប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះ តំណាងទូតចិនក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កសិ-ពាណិជ្ជកម្ម ការជំរុញការវិនិយោគលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែប្រសើរឡើងថែមទៀត និងផ្តល់ផលចំណេញសម្រាប់ប្រជាជាតិទាំងពីរ។

គួរបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានជាង ៩ ពាន់លានដុល្លារ ក្នុងនោះកម្ពុជាសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណជាង ៧៥៣ លានដុល្លារ កើនឡើងជិត ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈកម្ពុជានាំចូលពីចិនវិញក្នុងទឹកប្រាក់ប្រមាណជាង ៨,៦ ពាន់លានដុល្លារ កើនឡើងជាង ២៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕


Khcct banner

អត្ថបទទាក់ទង