Img 1426
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ធ្លាក់ចុះជិត៤០% មកត្រឹមជាង ១ ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារ រយៈពេល៥ខែ ឆ្នាំ២០២៦ ធ្លាក់ចុះជិត ៤០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំពោះការធ្លាក់ចុះនេះ អ្នកជំនាញធ្លាប់ពន្យល់ថា ដោយសារតែការគាំទ្រទំនិញក្នុងស្រុកចន្លោះពី ៣០% ទៅ៤០% កំពុងជំនួសឱ្យទំនិញថៃនៅតាមបណ្ដាផ្សារទំនើបមួយចំនួននៃទីប្រជុំជនធំៗក្នុងប្រទេសកម្ពុជា ដែលទំនិញទាំងនោះភាគច្រើនមានដូចជា សម្ភារប្រើប្រាស់ប្រចាំថ្ងៃ អាហារសម្រន់ គ្រឿងទេស និងគ្រឿងក្រអូបនានា។

បើតាមរបាយការណ៍ រយៈពេល៥ខែ ឆ្នាំ២០២៦ ពោលគិតចាប់ពីខែមករា-ឧសភា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ធ្លាក់ចុះជិត ៤០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះកម្ពុជាសម្រេចការនាំចេញទៅថៃក្នុងទឹកប្រាក់ប្រមាណជាង ២៩៦ លានដុល្លារ ធ្លាក់ចុះ ២៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលពីថៃវិញក្នុងទឹកប្រាក់ជាង ៨៥៤ លានដុល្លារ ធ្លាក់ចុះជាង ៤២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់បានពន្យល់ថា ផលិតផលក្នុងស្រុក បានចាប់ផ្តើមមានឱកាសកាន់តែច្រើនក្នុងផ្សារទំនើបនានារបស់ប្រទេសកម្ពុជា ហើយបាននឹងកំពុងដើរតួនាទីជំនួសទំនិញថៃ ក្រោយពីប្រទេសនេះ បានបើកការឈ្លានពានដែនអធិបតេយ្យកម្ពុជា តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក។ទំនិញភាគច្រើន គឺសម្ភារប្រើប្រាស់ប្រចាំថ្ងៃ អាហារសម្រន់ គ្រឿងទេសនានា។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

ចំពោះទំនិញមួយចំនួនដែលនាំចូលពីថៃ តាមច្រកសមុទ្រ និងអាកាស ដែលកម្ពុជាមិនទាន់អាចជំនួសបានមានដូចជា គ្រឿងបន្លាស់រថយន្ត និង គ្រឿងបង្គុំធំៗ សម្រាប់បម្រើការឱ្យឧស្សាហកម្មបរទេសធំៗដែលកំពុងបើកដំណើរការនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ។

គួរបញ្ជាក់ថា មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។

ចំណែកមុខទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានដូចជា៖ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ គ្រឿងឧបភោគបរិភោគ យានយន្ត និងគ្រឿងចក្រ សារធាតុគីមី ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់ ជាដើម៕

Khcct banner

អត្ថបទទាក់ទង