ភ្នំពេញ៖ ប្រេសិតពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ចក្រភពអង់គ្លេសចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយគាំទ្រដល់កំណើនបៃតង និងបរិយាបន្ន និងពង្រឹងតួនាទីរបស់ចក្រភពអង់គ្លេសជាដៃគូគាំទ្រដ៏គួរឱ្យទុកចិត្ត និងយូរអង្វែង។
បើតាមស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Matt Western MP ប្រេសិតពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស មកកាន់កម្ពុជា លោកបានជួបជាមួយក្រុមហ៊ុន Unilever កម្ពុជា ដែលជាផ្នែកមួយនៃការចូលរួមជាបន្តបន្ទាប់ជាមួយអាជីវកម្មអង់គ្លេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស។
ក្រុមហ៊ុនចក្រភពអង់គ្លេសដូចជា Unilever ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយបង្កើតការងារ គាំទ្រសហគមន៍ ចូលរួមចំណែកដល់ប្រាក់ចំណូលសាធារណៈ និងផ្តល់ផលិតផលដែលគួរឱ្យទុកចិត្ត ដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃសម្រាប់អ្នកប្រើប្រាស់កម្ពុជា។
បើតាមទូតអង់គ្លេស ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រការវិនិយោគរបស់ចក្រភពអង់គ្លេសដែលមានទំនួលខុសត្រូវនៅកម្ពុជា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មនានា ដើម្បីលើកកម្ពស់ពាណិជ្ជកម្មបើកចំហ លក្ខខណ្ឌប្រតិបត្តិការដែលមានស្ថេរភាព និងកំណើនប្រកបដោយចីរភាព។
គួរបញ្ជាក់ថា លោក Matt Western MP ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ មានដំណើរទស្សនកិច្ចផ្លូវការលើកទីពីររបស់លោកមកកាន់ប្រទេសកម្ពុជានៅសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ចក្រភពអង់គ្លេសចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយគាំទ្រដល់កំណើនបៃតង និងបរិយាបន្ន និងពង្រឹងតួនាទីរបស់ចក្រភពអង់គ្លេសជាដៃគូគាំទ្រដ៏គួរឱ្យទុកចិត្ត និងយូរអង្វែង៕