ភ្នំពេញ៖ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាអ្នកឧកញ៉ា ពុង ឃាវសែ នៅថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសារអបអរសាទរជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានដឹកនាំឱ្យកម្ពុជាទទួលបានតំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្ត្រនេះ។
ក្នុងសារអបអរសាទរអ្នកឧកញ៉ា ពុង ឃាវសែ បានសម្តែងក្តីរំភើបជាទីបំផុតចំពោះសមិទ្ធផលជាតិដ៏អស្ចារ្យនេះ ខណៈដែលចាប់ពីពេលនេះ កម្ពុជានឹងក្លាយជាប្រទេសផលិតប្រេងមួយ ក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងពិភពលោក។អ្នកឧកញ៉ា ពុង ឃាវសែ បានចាត់ទុកសមិទ្ធផលថ្មីនេះ បានមកដោយសារគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចហ៊ុន សែន។
ក្នុងនាមជាប្រធានសមាគមសម្ព័ន្ធខ្មែរចិន អ្នកឧកញ៉ា ពុង ឃាវសែ បានសន្យាថា នឹងចូលរួមឱ្យកាន់តែសកម្មកថែមទៀត ក្នុងកិច្ចការសង្គមទាក់ទាញអ្នកវិនិយោគ និងបណ្តោះបណ្តាលធនធានមនុស្សដើម្បីបម្រើសង្គម និងជម្រុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។
គួរបញ្ជាក់ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិត។
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា និងជាជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។
បើតាមសម្តេច ប្រេងនេះបានផ្តល់ផលប្រយោជន៍សំខាន់ៗជាច្រើនមានអាទិ៍ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។