តូក្យូ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបជាមួយសហព័ន្ធធុរកិច្ចជប៉ុន (Keidanren) ដើម្បីពិភាក្សាការងារជាយុទ្ធសាស្រ្តក្នុងការទាក់ទាញ និងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងហិរញ្ញវត្ថុ ជាពិសេសជំរុញឱ្យទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន កាន់តែរីកលូតលាស់និងកាន់តែខ្លាំងក្លា។ ជំនួបពិភាក្សានេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១០មិថុនា នៅទីក្រុងតូក្យូ រវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Noriyuki Hara ប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី នៃសហព័ន្ធធុរកិច្ចជប៉ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រងមួយរបស់ជប៉ុន។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីតួនាទីដ៏មានឥទ្ធិពលរបស់សហព័ន្ធ Keidanren ដែលជាតំណាងឱ្យសំឡេងនៃវិស័យឯកជន និងបណ្តុំក្រុមហ៊ុនសាជីវកម្មធំៗរបស់ជប៉ុន។ លោកក៏បានស្នើឱ្យសហព័ន្ធមេត្តាបន្តដើរតួនាទីជាកាតាលីករក្នុងការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា និងផ្សារភ្ជាប់រលកវិនិយោគពីជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជា វិស័យឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។ លោកក៏បានយកឱកាសនេះធ្វើការជម្រាបបន្ថែមអំពីសក្តានុពល និងឧត្តមភាពប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា។
ជាមួយគ្នានេះ លោក Noriyuki Hara បានបង្ហាញនូវចំណាប់អារម្មណ៍លើកាលានុវត្តភាពវិនិយោគថ្មីៗផងដែរ។ ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី លោកបានបង្ហាញនូវសុច្ឆន្ទៈក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. ក្នុងការផ្សព្វផ្សាយ និងស្វែងយល់ពីសក្តានុពលទីផ្សាររបស់កម្ពុជា សំដៅឈានទៅកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រួមគ្នារវាងប្រទេសទាំងពីរតាមរយៈវិស័យឯកជននាពេលអនាគត។
ជំនួបពិភាក្សាការងារនាឱកាសនេះ គឺជាសកម្មភាពដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងជំនឿទុកចិត្ត និងរឹតបន្តឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហគមន៍ធុរកិច្ចលំដាប់កំពូលរបស់ជប៉ុន។ ផ្លែផ្កានៃកិច្ចពិភាក្សានេះ មិនត្រឹមតែជាកាលានុវត្តភាពក្នុងការទាក់ទាញរលកទុនវិនិយោគលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានឆ្ពោះទៅមុខប្រកបដោយភាពរឹងមាំ ក្នុងការជំរុញឱ្យទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន កាន់តែរីកលូតលាស់និងកាន់តែខ្លាំងក្លា៕